(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៩) នៅក្នុងស្រុកព្រៃកប្បាស់ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ប៉ុក ប៉ាន់ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកព្រៃកប្បាស់ តំណាងឲ្យលោកបណ្ឌិត ពេជ សោភ័ន សហប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកព្រៃកប្បាស់ បានផ្ដាំផ្ញើឱ្យយុវជនជំនាន់ក្រោយ ត្រូវចងចាំថ្ងៃប្រវត្តិសាស្រ្ត ២ ធ្នូ និងថ្ងៃ ៧ មករាដែលថ្ងៃទាំង២នេះ បានរំដោះប្រជាជន និងប្រទេសជាតិចេញពីកាប់សំលាប់របស់ពួកខ្មែរ ក្រហម។
ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ និងយុវជនដែលបានចូលរួមនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៤១ នៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅក្នុងស្រុកព្រៃកប្បាស់, លោក ប៉ុក ប៉ាន់ បានថ្លែងថា «យុវជនជំនាន់ក្រោយដែលកើតមិនទាន់របបប្រល័យពូជសាសន៍ ប៉ុល ពត ហាក់មិនជឿថា សង្គមមួយមិនមានទីផ្សារ គ្មានលុយចាយ គ្មានវត្តអារ៉ាម គ្មានសាលារៀន ប្រជាពលរដ្ឋហូបចុកមិនគ្រប់គ្រាន់ មានការកាប់សំលាប់មនុស្សតាមអំពើចិត្ត តែរឿងទាំងអស់នេះវាពិតជាបានកើតឡើង នៅក្នុងរបបខ្មែរក្រហមគ្រប់គ្រងអំណាចពិតប្រាកដមែន»។
លោកថា «ព្រោះតែរបបសាហាវព្រៃផ្សៃនេះ បានប្រព្រឹត្តមកលើប្រជាជនបែបនេះហើយទើបបានជាវរជន និងអ្នកស្នេហាជាតិរបស់យើងបានបង្កើតរណសិរ្យ នៅថ្ងៃ ២ ធ្នូ នៅខេត្តក្រចេះ និងបានរំដោះប្រទេសជាតិទាំងស្រុងពីរបបខ្មែរក្រហមនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩»។
លោក ប៉ុក ប៉ាន់ បានប្រាប់យុវជនជំនាន់ក្រោយទាំងអស់ ត្រូវចងចាំថ្ងៃប្រវត្តិសាស្រ្តទាំង២នេះ ព្រោះមានថ្ងៃ ២ ធ្នូ ទើបមានថ្ងៃ ៧ មករា មានថ្ងៃ ៧ មករា ទើបប្រជាជនខ្មែរគ្រប់គ្នា មានជីវិតរស់រានឡើងវិញ និងមានអ្វីៗទាំងអស់ដូចថ្ងៃនេះ ម្យ៉ាងទៀត ក្នុងនាមជាយុវជនជំនាន់ក្រោយ ទោះក្នុងតម្លៃណាក៏ដោយ គឺត្រូវរួមគ្នាថែរក្សា និងការពារឲ្យបានជាដាច់ខាត នូវសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍន៍ប្រទេស និងការរស់នៅដោយភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះដែរលោក ប៉ុក ប៉ាន់ ក៏បានជំរុញឲ្យយុវជនជំនាន់ក្រោយទាំងអស់ ត្រូវប្រឹងប្រែងរៀនសូត្រឲ្យបានពូកែដើម្បីប្រែក្លាយជាធនធានមនុស្សនៅក្នុងសង្គមនិងដើម្បីចូលរួម ចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានការកើនឡើង កាត់បន្ថយអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត៕