(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរដែនរៀបចំដី ត្រូវសហការគ្នា រៀបចំបោះបង្គោលកំណត់និយាមការទីតាំងអូរ ប្រឡាយទាំង ៥ខ្សែ ដើម្បីឱ្យក្រុមការងារចុះការស្តារអូរ ប្រឡាយ មានភាពងាយស្រួល ពិសេសអាជ្ញាធរក្រុង ចូលរួមចុះបាញ់ថ្នាំ និងអប់រំឱ្យប្រជាពលរដ្ឋរុះរើសំណង់ទាំងឡាយណា ដែលប៉ះពាល់ការងារស្តារអូរប្រឡាយ ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមការងារដាក់គ្រឿងចក្រចុះកាយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សាខាងមុខ។
ការជំរុញបែបនេះរបស់លោក គួច ចំរើន បានធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការងារស្តារអូរ ប្រឡាយទាំង ៥ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុ។
លោក គួច ចំរើន បានបញ្ជាក់ថាយើងកំពុងមានការមមាញឹកក្នុងការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ដូច្នេះប្រព័ន្ធអូរ ប្រឡាយនៅក្នុងក្រុងព្រះសីហនុ ក៍ត្រូវធ្វើការស្តារឡើងវិញជាមួយគ្នា ដើម្បីចញ្ចៀសនូវជំនន់ទឹកភ្លៀង កុំឱ្យជន់លិចក្នុងរដូវវស្សា នៅឆ្នាំ២០២០ខាងមុខ។
បើតាមលោក បុរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានធ្វើបទបង្ហាញស្តីពីស្ថានភាពអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ដែលជាគម្រោងការងារស្តារអូរ ប្រឡាយទាំង ៥ខ្សែ មានប្រវែង ២៦.៥៩៧ គីឡូម៉ែត្រ ក្នុងក្រុងព្រះសីហនុ ក្នុងនោះមានដូចជា៖ អូរប្រឡាយអូរ ឈើទាល មានប្រវែងសរុប១៦.៦៣០ម៉ែត្រ, អូរ ប្រឡាយ អូរអេម៉ារីយូ មានប្រវែង ១.៩០៦ម៉ែត្រ, អូរប្រឡាយ អូរសំអាត ប្រវែង ៣.៧៧៥ម៉ែត្រ, អូរប្រឡាយស្ពានឆេះ ប្រវែង ១.១៧០ម៉ែត្រ, អូរប្រឡាយ អណ្តូងអ៊ុនតាក់ប្រវែង ៣.១១៦ម៉ែត្រ និងមានស្ពានត្រូវសាងសង់ថ្មី មួយចំនួន ដើម្បីធ្វើការស្តារ រំដោះយកចំណីអូរ ប្រឡាយមកវិញ ដែលប្រជាពលរដ្ឋសាងសង់ផ្ទះរំលោភបំពានដីចំណីអូរ ប្រឡាយជាមូលហេតុចំបង បណ្តាលឱ្យមានការកកស្ទះទឹកលិចលង់នៅរដូវវស្សា ព្រោះដោយសារមានការសាងសង់សំណង់ខុសច្បាប់ រំលោភយកដីចំណីប្រឡាយ អូរទាំង ៥ខ្សែ។
លោក បុរី វង្សសានិត បានឱ្យដឹងថា ក្នុងចំណោមអូរ ប្រឡាយទាំង ៥ខ្សែខាងលើ និងមានប្រឡាយតូចៗជាច្រើនខ្សែផ្សេងទៀត ដែលមានទទឹងចាប់ពី ៣ម៉ែត្រ និងកន្លែងខ្លះទៀត មានទទឹងរហូតដល់ទៅជាង ៦០ម៉ែត្រ តាមនិយាមការប្លង់សុរិយោដី។
សូមបញ្ជាក់ថា ការស្តាអូរ ប្រឡាយទាំង ៥ខ្សែខាងលើគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ៕