(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តស្ទឹងត្រែង មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត១រូប ក្រោមអធិបតីលោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ុម សារឿន អភិបាលខេត្តខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំង អភិបាលក្រុង ស្រុក ព្រមទាំងលោកមេឃុំ-ចៅសង្កាត់ជាច្រើនរូប។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ១២១៥ អនក្រ.តត ស្តីពីការតែងតាំងលោក ស៊ី សួន មានឋានន្តរស័ក្កិឧត្តមមន្ត្រី ថ្នាក់លេខ៤ ឲ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង។
បន្ទាប់ពីមតិស្វាគមន៍របស់លោក ម៉ុម សារឿនរួចមក, លោក ស៊ី សួន បានប្ដេជ្ញាចិត្តដោយខំរិះរកវិធីដោះស្រាយជូនប្រជាពលរដ្ឋ និងខិតខំធ្វើការងារបំរើការងារទាំងក្នុងរដ្ឋបាលខេត្ត ឲ្យបានល្អប្រសើរបន្ថែមទៀត ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុងគោរពរដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាបើធ្នាប់សាធារណៈ និងយកចិត្តទុកដាក់អនុវត្តនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាឲ្យបានខ្ជប់ខ្ជួន។
លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលរងខេត្តថ្មី ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនតាមរយៈចំណេះដឹងសមត្ថភាព និងបទពិសោធន៍ការងាររបស់ខ្លួនជា ពិសេសអនុវត្តឲ្យបានត្រឹមត្រូវ និងខ្ជប់ខ្ជួនតាមការប្តេជ្ញាចិត្ត។ មិនតែប៉ុណ្ណោះ អភិបាលរងខេត្តថ្មី ត្រូវបន្តចូលរួមដឹកនាំគាំទ្រ អភិវឌ្ឍន៍រដ្ឋបាលខេត្តស្ទឹងត្រែងឲ្យកាន់តែមានភាពរីកចំរើន និងទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀត ព្រមទាំងចូលរួមក្នុងការការពារសុខសន្តិភាពដែលយើងទទួលបានដោយនិងលំបាកដែលមាននៅពេលបច្ចុប្បន្ន៕