(កណ្ដាល)៖ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា តំបន់ព្រំដែនជ្រៃធំនឹងផ្លាស់ប្ដូរមុខមាត់ថ្មី ហើយប្រែក្លាយជាបេះដូងរបស់ខេត្តកណ្ដាល និងមានការរីកចម្រើនពិតប្រាកដ នាពេលអនាគត ។
លោកលើកឡើងបែបនេះរបស់លោក នៃ ចារី បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដីទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ សម្រាប់ការអភិវឌ្ឍ និងការអភិរក្សប្រកបដោយចីរភាព នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាល។
លោកបន្តយ៉ាងដូច្នេះថា៖ «ទៅថ្ងៃអនាគតតំបន់ជ្រៃធំនឹងក្លាយជាទីប្រជុំជន ដែលមានលក្ខណៈស្តង់ដារ តាមរយៈការកំណត់តំបន់ប្រើប្រាស់ដី សមស្របដូចជា តំបន់លំនៅឋាន កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ រដ្ឋបាល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា បានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យតំបន់ព្រំដែនជ្រៃធំ ផ្លាស់ប្ដូរមុខមាត់ថ្មី ក្លាយជាបេះដូងរបស់ខេត្តកណ្ដាល និងមានការរីកចម្រើន ពិតប្រាកដនាពេលអនាគត»។
លោកអភិបាលរងខេត្តបន្ថែមថា ដើម្បីឲ្យការអនុវត្តប្លង់គោលប្រើប្រាស់ដីនេះ ទទួលបានជោគជ័យ លោកសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់អង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ រាល់ការស្នើសុំសាងសង់ ឬអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅមូលដ្ឋានត្រូវអនុវត្តតាមប្លង់គោល ដែលបានអនុម័តរួចហើយ ព្រមទាំងធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ក្នុងករណីមានការ សាងសង់សំណង់គ្មានការអនុញ្ញាត្ត។
ក្នុងសិក្ខាសាលានេះដែរ លោក មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបបនីយកម្ម និងសំណង់ បានឱ្យដឹងថា ប្លង់គោលដី ទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយសេចក្ដីសម្រេច លេខ០០៥ សសរចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។
លោកបន្តថា ការរៀបចំដែនដី និងនគរូបនីយកម្ម ត្រឹមត្រូវបានរួមចំណែកក្នុងការធានាការអភិវឌ្ឍ និងអភិរក្ស ប្រកបដោយចីរភាព តុល្យភាព និងសមធម៌ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជមរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៧% ក្នុង១ឆ្នាំ តាមរយៈកំណើននៃការអភិវឌ្ឍ និងការសាងសង់ជារៀងរាល់ឆ្នាំ។
លទ្ធផលនេះ ក៏បានឆ្លុះបញ្ចាំងពីការខិតខំរបស់ក្រសួង មន្ទីររៀបចំដែនដីខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ក្នុងគោលដៅឈានទៅសម្រេចបាន ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕