(ពោធិ៍សាត់)៖ ប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែន ខេត្តពោធិ៍សាត់ ប្រមាណ២៧រូប ដឹកនាំដោយលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែន និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត បានរៀបចំដំណើរទស្សនកិច្ចសិក្សាស្វែងយល់ការងារសិប្បកម្ម ពាណិជ្ជកម្ម អភិវឌ្ឍន៍ជនបទ និងទេសចរណ៍ នៅតំបន់សំខាន់ៗមួយចំនួន នៃខេត្តត្រាត ប្រទេសថៃ ដើម្បីដកស្រង់បទពិសោធន៍ មានមូលដ្ឋានគ្រឹះយកទៅអភិវឌ្ឍន៍ នៅមូលដ្ឋានរៀងៗខ្លួន ឈានទៅគ្រប់គ្រងសិប្បកម្ម ឲ្យមាននិរន្តរភាព។

ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើងចាប់ពីថ្ងៃទី២៨-៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមការជួយឧបត្ថម្ភពីលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារី ខេត្តពោធិ៍សាត់ និងដោយបានការសម្របសម្រួលពីលោកស្រី វី យ៉ាដា អនុប្រធានសមាគមទេសចរណ៍ ខេត្តត្រាត ប្រទេសថៃ។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ បានទស្សនា ពិនិត្យ និងដកស្រង់បទពិសោធន៍ សារៈមន្ទីរជំរុំជនភាសខ្លួន នៅភូមិខៅឡាន ឃុំម៉ាយរួត ស្រុកក្លងយ៉ៃ, សិប្បកម្មកែឆ្នៃម្ហូបអាហារ ធ្វើពីត្រី និងគ្រឿងសមុទ្រ នៅភូមិតានឺក ឃុំក្លងឃុត ស្រុកក្លងយ៉ៃ, ទទួលការពន្យល់នៃការថែទាំសុខភាព ពីវេជ្ជបណ្ឌិតជំនាញ នៃមន្ទីរពេទ្យបាងកកប្រចាំខេត្តត្រាត, ការធ្វើសាប៊ូបែបធម្មជាតិ, សិប្បកម្មធ្វើនំពាស៤ និងសាច់ផាត់ ផលិតពីក្តាម និងបង្កងប៉ាក នៅស្រុកក្លងយ៉ៃ, ក្រុមហ៊ុនផលិតគ្រឿងសម្អាង នៅស្រុកមឿង, កន្លែងរែងរករ៉ែត្បូង នៅស្រុកបររ៉ៃ, សហគមស្ពង់ កែឆ្នៃកន្ត្រក ធុងស្ពង់បែបធម្មជាតិ ធ្វើពីដើមឃ្លុំ របស់បងប្អូនជនជាតិដើម នៅស្រុកបររ៉ៃ និងទស្សនៈសារៈមន្ទីរត្បូង នៅស្រុកបររ៉ៃ ខេត្តត្រាត។

កញ្ញា ជុំ ឃឿម ផលិតករ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែន បានឲ្យដឹងថា បន្ទាប់ពីបានទស្សនកិច្ចសិក្សា រយៈពេល៣ថ្ងៃកន្លងមកនេះ នាងខ្ញុំបានស្វែងយល់ពីការកែឆ្នៃវត្ថុធាតុដើម ដែលមាននៅក្នុងស្រុកថៃ ហើយវត្ថុធាតុដើមទាំងអស់នោះ គឺសុទ្ធសឹងតែមាននៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់យើងដែរ។ កញ្ញាបានប្តេជ្ញាចិត្ត ផលិត និងធ្វើអ្វីៗដែលមាននៅក្នុងស្រុកឲ្យបាន ដើម្បីអភិវឌ្ឍន៍នារីនៅមូលដ្ឋាន និងសហគមន៍ មានប្រាក់ចំណូលគ្រប់គ្រាន់ ចៀសវាងចំណាកស្រុក។ ជាមួយគ្នានោះ កញ្ញាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ដែលបានជួយឧបត្ថម្ភការធ្វើដំណើរ ស្នាក់នៅ ហូបចុក និងបានផ្តល់ឱកាស ឲ្យយើងខ្ញុំ បានមកទស្សនកិច្ចសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ នាពេលនេះ។

លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងឲ្យដឹងថា ការរៀបចំឲ្យមានដំណើរទស្សនកិច្ចនាពេលនេះ គឺក្រោមគំនិតផ្តួចផ្តើមពីសំណាក់ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខា ដើម្បីឲ្យនារីខេត្ត បានដកស្រង់យកពិសោធន៍កិច្ចការងារមួយចំនួន ដែលមានលក្ខណៈធម្មជាតិ ថាតើវត្ថុធាតុដើម ដែលមាននៅខេត្តពោធិ៍សាត់ អាចធ្វើ និងមានទំនាក់ទំនងគ្នាបានយ៉ាងដូចម្តេចខ្លះ។

លោកស្រីបន្តថា ការងារដែលទៅមើលនោះ គឺមានទំនាក់ទំនងពីវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ជនបទ ដែលគេបណ្តុះបណ្តាលជំនាញ ហើយបងប្អូននារីយើងក៏អាចយកជំនាញនោះ ទៅធ្វើដោយខ្លួនឯងបានដែរ។ លោកស្រីបន្ថែមថា ដំណើរការនៃការបើកច្រកព្រំដែន រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត នឹងមានកិច្ចសហការមួយយ៉ាងល្អ ដែលអាចនាំទេសចរណ៍ចេញចូលគ្នា ជាពិសេសអាចចរាចរណ៍នូវទំនិញ និងធ្វើឲ្យបងប្អូននារី មានមុខរបរបន្ថែមទៀត ឈានឆ្ពោះទៅកាត់បន្ថយភាពក្រីក្រ៕