(បាត់ដំបង)៖ ប្រតិភូអង្គការសកម្មភាពកំចាត់មីនជប៉ុន JMAS និងក្រុមហ៊ុន KOMATSU ដឹកនាំដោយលោក SHINO nobuyoshi ទីប្រឹក្សាបច្ចេកទេសគម្រោងអង្គការ JMAS ផ្តល់គ្រឿង ចក្រជាម៉ាស៊ីនពង្រាបសម្អាតដី ៣គ្រឿង ជូនដល់រដ្ឋបាលខេត្តបាត់ដំបង និងជួយម៉ាស៊ីនចម្រោះទឹកស្អាត ក្រុមហ៊ុនដល់មន្ទីរពេទ្យខេត្ត នៅឆ្នាំថ្មីខាងមុខនេះ។
ជំនួបលើកទី២នេះ បានធ្វើឡើងនៅសាលាខេត្តបាត់ដំបង ក្រោមវត្តមានលោក ងួន រតនៈ អភិបាលខេត្តអភិបាលស្រុកពាក់ព័ន្ធ មន្ទីរជំនាញ និងមន្រ្តីសាលាខេត្តជំនាញពាក់ព័ន្ធចូលរួមផងដែរ។
លោក ងួន រតនៈ បានស្វាគមន៍ដល់ប្រតិភូភាគីជប៉ុនរួចមក លោក SHINO nobuyoshi ទីប្រឹក្សាបច្ចេកទេសគម្រោងអង្គការ JMAS និងលោក NAGIRA atsushi អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន KOMATSU បានរៀបរាប់ និងធ្វើបទបង្ហាញលើស្លាយដោយបានពន្យល់ ពីអត្ថប្រយោជន៍ការប្រើប្រាស់គ្រឿងចក្រលើវិស័យកសិកម្មស្រូវ និងដំណាំកសិឧស្សាហកម្មក្នុងខេត្តបាត់ដំបង។
លោក SHINO nobuyoshi ទីប្រឹក្សាបច្ចេកទេសគម្រោងអង្គការ JMAS និងលោក NAGIRA atsushi អ្នកគ្រប់គ្រង ទូទៅក្រុមហ៊ុន KOMATSU បានអនុញ្ញាតចូលជួបដើម្បីធ្វើបទបង្ហាញអំពី គម្រោងដែលអង្គការ និងក្រុមហ៊ុនរបស់លោកដោយជម្រាបជូនលោកអភិបាលខេត្តថា បន្ទាប់ពីអង្គការបានធ្វើការបោសសម្អាតមីន រយៈពេល ១០ឆ្នាំកន្លងមក គឺសម្អាតដីបាន២ពាន់ហិកតា ធ្វើផ្លូវ និងជួយការងារផ្សេងទៀត។
លោកបានបញ្ជាក់ថា គម្រោងការរបស់លោក គឺមានគម្រោងធ្វើនៅ ៥ខេត្ត នៅប្រទេសកម្ពុជា តែលោកបានជ្រើសរើសយកខេត្តបាត់ដំបង ជាខេត្តសក្តានុពល មកសាកល្បងធ្វើមុនគេ ដោយផ្តល់គ្រឿងចក្រចំនួន ៣គ្រឿង សម្រាប់ភ្ជួរពង្រាប សម្អាតដីកសិករឱ្យស្មើល្អ ដើម្បីទទួលបានទិន្នផលច្រើន ទៅអនាគត។
លោកបានបន្តថា គ្រឿងចក្រដែលជាអំណោយត្រូវប្រគល់ជូនរដ្ឋបាលខេត្តនាដើមឆ្នាំថ្មីខាងមុខនេះ ដែលត្រូវអនុវត្តយកតែម្តង គ្រាន់តែភាគីលោក សុំឱ្យមានការគាំទ្រពីរដ្ឋបាលខេត្តប៉ុណ្ណោះ។ នៅក្នុងឱកាសនោះដែរ លោក NAGIRA atsushi អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន KOMATSU បានសន្យាបឹងដំឡើងប្រព័ន្ធចម្រោះទឹកស្អាត១គ្រឿងដំបូង ជូនដល់មន្ទីរពេទ្យខេត្តទុកប្រើប្រាស់ដោយចាប់ផ្តើមដំឡើងកសាង មានរយ:ពេល៣ខែ គឺរួចរាល់ហើយយើងធ្វើចាប់ពីខែមករា ឆ្នាំ២០២០ ខាងមុខនេះទៅ។
លោកអភិបាលខេត្តសូមធ្វើការគាំទ្រ និងទទួលយកនូវការជ្រោមជ្រែងជួយបង្កលក្ខណៈដល់ភាគីជប៉ុន ដើម្បីដំណើរការនេះ ឱ្យបានសម្រេចជោគជ័យ និងថ្លែងអណរគុណដល់ជប៉ុន តែងបានជួយកម្ពុជារហូតមកពិសេសនៅខេត្តបាត់ដំបង៕