(ភ្នំពេញ)៖ សន្និសីទស្តីពី «ទីក្រុងដែលមានភាពធន់៖ ការគិតគូរអំពីបញ្ហាប្រឈម និងការស្ថាបនា ទីក្រុងឡើងវិញ» នៃមហាសន្និបាតលើកទី៣៩ របស់សហគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយបានទទួលស្វាគមន៍គណៈប្រតិភូនៃទីក្រុង និងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន៤០២នាក់ មកពី៤១ប្រទេសទូទាំងពិភពលោក។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមជាម្ចាស់ផ្ទះ បានថ្លែងក្នុងពិធីបើកសន្និសីទស្តីពី «ទីក្រុងដែលមានភាពធន់៖ ការគិតគូរអំពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ» នៃមហាសន្និបាតលើកទី៣៩ របស់សហគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF: Association Internationale des Maires Francophones) ដោយមានការចូលរួមពី សមាជិករដ្ឋសភា និងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលជាអតីតអភិបាលរាជធានីភ្នំពេញ, លោក ព្យែរ ប៊ែយ៍ (PIERRE BAILLET) លេខាធិការអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។
លោក ឃួង ស្រេង បានបញ្ជាក់ថា មហាសន្និបាតលើកទី៣៩ របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង គឺជាព្រឹត្តការណ៍ ប្រវត្តិសាស្រ្តសម្រាប់សមាគម AIMF និយាយជារួម និងនិយាយដោយឡែក សម្រាប់រាជធានីភ្នំពេញ ដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងទូលំទូលាយទាំងក្នុងក្របខ័ណ្ឌទីក្រុង ជាមួយសមាគម និងទីក្រុងជាមួយទីក្រុង ដែលជាសមាជិកសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។
លោកអះអាងថា រាជធានីភ្នំពេញ ពិតជាមានកិត្តិយស និងមោទនភាពបំផុត ដោយបានទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតលើកទី៣៩ របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដោយដំណើរទស្សនកិច្ចជាផ្លូវការ របស់គណៈប្រតិភូ នៃទីក្រុង និងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន៤០២នាក់ អញ្ជើញមកពី៤១ប្រទេស ទូទាំងពិភពលោក។
លោក ឃួង ស្រេង បានលើកឡើងថា រាជធានីភ្នំពេញ ក្នុងរយៈពេល៤០ឆ្នាំនេះ ការគ្រប់គ្រងទីក្រុងភ្នំពេញ មានការវិវឌ្ឍចំនួន០៥ដំណាក់ កាលធំៗគឺ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ ការគ្រប់គ្រងទីក្រុងភ្នំពេញ ដើរតួនាទីអនុវត្តដើម្បីមូលហេតុសន្តិភាព, ទទួលយកការធ្វើមាតុភូមិនិវត្តន៍ និងប្រឆាំងការវិលត្រឡប់ នូវរបបប្រល័យពូជសាសន៍។
ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០០ ការគ្រប់គ្រងទីក្រុងភ្នំពេញ ដើរតួនាទីអនុវត្តដើម្បីមូលហេតុរក្សា ស្ថិរភាពនយោបាយ និងស្តារហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងទីក្រុងឡើងវិញ។ ឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ ការគ្រប់គ្រងទីក្រុងភ្នំពេញ ដើរតួនាទីអនុវត្ត ដើម្បីបុព្វហេតុសន្តិសុខផ្ទៃក្នុងបន្តស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តក្នុងទីក្រុង។
ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ ការគ្រប់គ្រងរាជធានីភ្នំពេញ ដើរតួនាទីអនុវត្តដើម្បី បុព្វហេតុពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ, បន្តស្ដារ កសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តក្នុងទីក្រុង និងអភិវឌ្ឍន៍សហគមន៍ក្រីក្រ។ ពីឆ្នាំ២០១៣ រហូតដល់សព្វថ្ងៃនេះ គឺការគ្រប់គ្រងរាជធានីភ្នំពេញ ដើរតួនាទីអនុវត្តដើម្បី បុព្វហេតុកំណែទម្រង់, អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងជាអនាគតទីក្រុងវៃឆ្លាត (Smart City)។
លោក ព្យែរ ប៊ៃយ៉េ លេខាធិការដ្ឋានសមាគមអន្តរជាតិ នៃអភិបាលប្រើប្រាស់ភាសាបារាំង ថ្លែងថា ការស្ថាបនាទីក្រុងឡើងវិញ តោងទាមទារសមត្ថភាព របស់ប្រជាជន និងសមត្ថភាពរបស់មន្ត្រីដឹកនាំ ដើម្បីជំនះផលប៉ះពាល់ដែលផុសចេញពីការប្រែប្រួល ផ្លាស់ប្តូររបស់ទីក្រុង និងស្ថានភាពតក់ស្លុតណាមួយ។ ប៉ុន្តែសមត្ថភាពធន់នឹងស្ថានការណ៍ទាំងនេះ មិនមែនជារបស់កើតឡើងឯកឯងទេ ពោលគឺវាកើត និងធំធាត់ឡើង ដោយមានជំនួយពីគោលនយោបាយ សាធារណៈពីកម្មវិធីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ឬសកម្មភាពមហាជនជាដើម។
គំនិតផ្តួចផ្តើមទាំងនោះ នាំឲ្យអាចបន្ថយបាននូវការបាក់បែកក្នុងសង្គម និងឆ្លើយតបចំៗទៅនឹងការរង់ចាំរបស់ប្រជាជន ដែលទន់ខ្សោយបំផុត។ ការដាក់ឲ្យមានការអភិវឌ្ឍទីក្រុងមួយ ប្រកបដោយសមធម៌ ដោយមានការចូលរួមពីប្រជាជន គឺជាលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ធានាឲ្យមានការស្ថាបនា ទីក្រុងឡើងវិញប្រកបដោយចីរភាព។
សន្និសីទពេញអង្គ «ការស្តារឡើងវិញ និងការអភិវឌ្ឍទីក្រុង» បានលើកឡើង អំពីការងារស្ថាបនាទីក្រុងឡើងវិញ បាននិងកំពុងក្លាយជាទីក្រុងប្រឈមរួមពិតៗ សម្រាប់គ្រប់ក្រុងលើពិភពលោក។ ស្ថានភាពទាំងឡាយ ដែលភ្នំពេញ និងគីហ្គាលី ជួបប្រទះក្រោយសង្គ្រាមក្តី, គ្រោះមហន្តរាយធម្មជាតិក្តី, គម្រាងធំៗ ដើម្បីកែលម្អក្រុងសារជាថ្មី (ក្រុងសៀងហៃ, ក្រុងឡុងដ៏, ក្រុងដេត្រ័រ) សុទ្ធតែនាំដល់ការកម្ទេច និងការកសាងឡើងវិញ ប្រកបដោយថាមភាពខ្លាំងក្លា មិនធ្លាប់ជួបប្រទះពីមុន។ ហេតុនេះហើយទើបការស្ថាបនាឡើងវិញនូវ ទីក្រុងបានក្លាយជាសមាសធាតុជាសរវ័ន្ត មិនអាចខ្វះបាននៃការអភិវឌ្ឍ ប្រកបដោយចីរភាព។
ក្នុងន័យនេះហើយ ដែលសិក្ខាសាលាត្រូវបានបង្កើតឡើង ជាពិសេសដើម្បីផ្តោតជាសំខាន់ទៅដល់ការស្ថាបនាក្រុងឡើងវិញ ក្រោយពេលជួបមហន្តរាយធំៗ ក្រោយកើតជម្លោះ ឬគ្រោះធម្មជាតិ។ បទអន្តរាគមន៍ទាំងឡាយ ដែលលើកយកមកក្នុងពេលនេះ ផ្តោតជាសំខាន់លើកត្តាថាមភាព៣ចំណុច ជាសារវន្ត័ សម្រាប់ការស្ថាបនាឡើងវិញ ហើយវាមានភាពប្រទាក់ក្រឡាគ្នាស្និតទៅនឹងដំណាក់កាល៣ ដែលមនុស្ស និងទីក្រុងត្រូវបានបំបែកចេញពីគ្នា។
សិក្ខាសាលា «សមត្ថភាពធន់ របស់ទីក្រុងការគិតគូរពីបញ្ហាប្រឈម នៃស្ថាបនាទីក្រុងឡើងវិញ» បានសហការជាមួយមជ្ឍមណ្ឌលសិក្សាខ្មែរ, វិទ្យាស្ថាននគររូបនីយកម្ម ទីក្រុងប៉ារីស, សមាគមដើម្បីការបណ្តុះបណ្តាល និងស្រាវជ្រាវការរៀបចំក្រុង និងនគររូបនីយកម្ម នៅសណ្ឋាគារសុខា៕