(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងវិស័យកសិកម្ម» ដែលរៀបចំធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ពិធីនេះ មានការអញ្ជើញចូលរួម ពីសំណាក់លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ បុគ្គលិកព្រមទាំងក្មួយៗនិស្សិតចំនួន ៧៥០នាក់។
លោករដ្ឋមន្ដ្រី វេង សាខុន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលសហការរៀបចំសិក្ខាសាលានេះឡើង បានយ៉ាងល្អប្រសើរ និងជាពិសេសសមិទ្ធផល ដែលក្រុមការងារសម្រេចបាន ទាក់ទងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងវិស័យកសិកម្ម។
លោករដ្ឋមន្ដ្រី វេង សាខុន បានបញ្ជាក់ថា «រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាសកម្មភាពអាទិភាពមួយ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ និងជំរុញសកម្មភាពអនុវត្ត តាមរយៈធនធានមនុស្ស ថវិកា និងសម្ភារបម្រើឲ្យការងារប្រតិបត្តិការ»។
ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានឲ្យដឹងផងដែរថា ក្រសួងបានសហការអនុវត្ត ផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០១៩-២០២៣ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្រ្តី វេង សាខុន ក៏បានផ្តល់ជូននូវអនុសាសន៍គន្លឹះ ចំនួន៥ចំណុចសំខាន់ៗ ជូនអ្នកពាក់ព័ន្ធធ្វើជាមូលដ្ឋានអនុវត្តដូចជា៖
ទី១៖ បង្កើនកិច្ចសហការ ជាមួយគណៈកម្មាធិការជាតិ ផ្សព្វផ្សាយច្បាប់ គោលនយោបាយជាតិ សំខាន់ៗ អនុសញ្ញាអន្តរជាតិ ផែនការសកម្មភាពជាតិ ផែនការនៃអនុសញ្ញាអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងផែនការសកម្មភាព ដែលបានកំណត់ដោយទ្វេភាគី និងពហុភាគីក្នុងតំបន់ និងអន្តរជាតិ។
ទី២៖ គ្រឹះស្ថានអប់រំកសិកម្មទាំងអស់ ត្រូវខិតខំរួមគ្នាធ្វើការអប់រំផ្សព្វផ្សាយដល់ស្រទាប់យុវជន និស្សិតឲ្យយល់ដឹងច្បាស់អំពីគោលការណ៍ច្បាប់ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
ទី៣៖ ត្រូវសហការជាមួយស្ថាប័នមានសមត្ថកិច្ច ក្នុងការរាយការណ៍អំពីបទល្មើស ដែលកើតមានក្នុងស្រទាប់កសិករនៅមូលដ្ឋាន ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការកេងប្រវ័ញ្ចពលកម្ម ការជួញដូរផ្លូវភេទ ការជួញដូរគ្រឿងញៀន។
ទី៤៖ ត្រូវបន្តខិតខំបង្កើតការងារទាំងបរិមាណ និងគុណភាព ជាពិសេសសម្រាប់យុវជន តាមរយៈការផ្តល់ជំនាញបច្ចេកទេស ផ្តល់សេវាកសិកម្មនៅមូលដ្ឋាន ឲ្យកាន់តែងាយស្រួលដល់កសិករ រួមទាំងភ្នាក់ងារផ្សព្វផ្សាយឃុំ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក ព្រមទាំងផ្តល់កិច្ចសហការយ៉ាងទូលំទូលាយ និងជំរុញឲ្យមានការចូលរួមគាំទ្រ ពីដៃគូពាក់ព័ន្ធទាំងអស់តាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍»។
ទី៥៖ សុំស្នើគណៈកម្មាធិការជាតិ បន្តការសម្របសម្រួល ពង្រឹងកិច្ចសហការជាមួយក្រសួង ក៏ដូច ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការបង្ការ បង្ក្រាប ប្រយុទ្ធប្រឆាំងរាល់ការជួញដូរមនុស្ស៕