(ភ្នំពេញ)៖ ថវិកាសរុបជិត ១០០លានរៀលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបាននាំទៅប្រគល់ជូនដល់ដៃជនរងគ្រោះ និងគ្រួសារជនរងគ្រោះក្នុងហេតុការបាក់រលំប្លង់សេលាឆាន់ នៅវត្តប្រាសាទគោកចក រួចរាល់ហើយ ដើម្បីដោះស្រាយការលំបាកនានា។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះថា «ថវិកាដែលជាការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងអភិបាលខេត្តសៀមរាប យកទៅប្រគល់ជូនដល់ដៃរបស់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះរួចរាល់ ដើម្បីពួកគេបានយកទៅដោះស្រាយចាត់ចែងការលំបាកនានា ក៏ដូចជាការរៀបចំចាត់ចែងធ្វើបុណ្យ»។
សូមបញ្ជាក់ថា ហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បណ្តាលឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ១៣អង្គ/នាក់ រងរបួសធ្ងន់ស្រាល និង ៣នាក់បានស្លាប់បាត់បង់ជីវិត។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះ និងចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏អកុសលនេះផងដែរ។
ក្រៅពីការតាមដានចាត់ចែងបញ្ជានៅក្នុងប្រតិបត្តិការសង្គ្រោះនេះហើយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកាដល់ជនរងគ្រោះ ដើម្បីដោះស្រាយទុក្ខលំបាកផ្សេងៗផងដែរ។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាប្រមាណ ២០លានរៀលក្នុងមួយសព សម្រាប់គ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត និងឧត្ថម្ភ ៣លានរៀលក្នុងមួយនាក់ សម្រាប់អ្នករងរបួស។
នៅព្រឹកថ្ងៃនេះទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ គេបានឃើញអាជ្ញាធរពាក់ព័ន្ធបានចុះពិនិត្យការព្យាបាលរបួសរបស់ជនរងគ្រោះនៅតាមមន្ទីរពេទ្យ ហើយក៏មានការចូលរួមរៀបចំចាត់ចែងធ្វើបុណ្យសពរបស់ជនរងគ្រោះនៅគេហឋានសពទាំងនៅក្នុងខេត្តសៀមរាប ក៏ដូចជានៅខេត្តព្រៃវែងផងដែរ៕