(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសារាចរមួយទៀត ដោយតម្រូវឱ្យម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ទូទាំងប្រទេសកម្ពុជា ប្រើប្រាស់ជាកាតព្វកិច្ចនូវ ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍ តាមគេហទំព័រ www.accommodationregistrar.net ដើម្បីភាពងាយស្រួលការកំណត់អត្តសញ្ញាណ និងគ្រប់គ្រងទិន្នន័យភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។

ក្រសួងទេសចរណ៍ បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងប្រតិបត្តិករទេសចរណ៍ជាម្ចាស់សេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ ដូចតទៅ៖

១៖ មន្ទីរទេសចរណ៍រាជធានី-ខេត្ត
* មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវជូនដំណឹងដល់ម្ចាស់អាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តប្រើប្រាស់ «ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍» ដែលមានគេហទំព័រផ្លូវការ www.accommodationregistrar.net ជាកាតព្វកិច្ច។

* មន្ត្រីបង្គោលនៃមន្ទីរទេសចរណ៍រាជធានី-ខេត្ត ដែលបានទទួលការបណ្តុះបណ្តាលត្រូវផ្សព្វផ្សាយបន្តនូវខ្លឹមសារ និងរបៀបប្រើប្រាស់ «ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍» ដល់គ្រប់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

* មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវធ្វើរបាយការណ៍ប្រចាំខែជាលាយលក្ខណ៍អក្សរផ្ញើជូនក្រសួងទេសចរណ៍ នូវតារាងមូលដ្ឋានអាជីវកម្មស្នាក់នៅទេសចរណ៍ដែលបានចុះណែនាំឱ្យអនុវត្ត និងតារាងរាយនាមមន្ត្រីដែលទទួលបានការបណ្តុះបណ្តាលបន្ត។

២៖ អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍

* គ្រប់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ ត្រូវចុះឈ្មោះប្រើប្រាស់ដោយផ្ទាល់តាមរយៈ www.accommodationregistrar.net  ឬអាចស្កេនតាម QR Code 181 ចុងទំព័រនៃសារាចរណែនាំនេះ។

* ដើម្បីធានាប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា លោក លោកស្រី
ម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ត្រូវរៀបចំកុំព្យូទ័រមានភ្ជាប់អ៊ុនធើណែត
សម្រាប់បញ្ចូលទិន្នន័យ និងត្រូវចាត់តាំងបុគ្គលិកទទួលការងារនេះ។

* រាល់ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មី ឬបន្ត ម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ត្រូវ
បំពេញកាតព្វកិច្ចការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា ជាមុនសិន។

* អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ដែលមិនបានចូលរួមអនុវត្តសារាចរណែនាំនេះ ចាត់ទុកថា
មិនបានអនុវត្តតាមខ្លឹមសារនៃចំណុច «ច» មាត្រា៤៨ នៃច្បាប់ស្តីពីទេសចរណ៍៕

ខាងក្រោមនេះជាសារាចររបស់ក្រសួងទេសចរណ៍៖