(សៀមរាប)៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចុះសួរសុខទុក្ខដល់ជនរងគ្រោះដោយករណីបាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ កើតមានហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ ហេតុការណ៍នេះ បណ្តាលឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ១៣អង្គ/នាក់ រងរបួសធ្ងន់ស្រាល និង ៣នាក់បានស្លាប់បាត់បង់ជីវិត។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានពីរនាក់នៅក្នុងខេត្តសៀមរាប និងមួយនាក់មានលំនៅឋានក្នុងខេត្តព្រៃវែង។ សពជនរងគ្រោះត្រូវបានអាជ្ញាធរចាត់ចែងដឹកទៅកាន់លំនៅឋាន ហើយរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី។
ក្នុងឧបទ្ទវហេតុនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ២០លានរៀលសម្រាប់អ្នកស្លាប់ និង ៣លានរៀល សម្រាប់អ្នករងរបួសក្នុងហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក៕