(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានទទួលជួបសំណេះសំណាល ជាមួយនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣៧នាក់ ដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់។
ក្នុងចំណោមនិស្សិទាំង៣៧រូបនោះ មាននិស្សិតអាហារូបករណ៍អូស្រ្តាលី ចំនួន២១នាក់ និងនិស្សិតអាហារូបករណ៍ ណូវែលហ្សេឡង់ ចំនួន១៦នាក់។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការអបអសាទរ ដល់និស្សិតទាំងអស់ ដែលទទួលបានការជោគជ័យលើការប្រឡង ក្នុងការទទួលបានអាហាររូបករណ៍ ទៅសិក្សានៅប្រទេសទាំងពីរនេះ។ លើសពីនេះ លោកបានផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ល្អៗពីប្រទេសគេ ដើម្បីយកមកប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជាយើងផងដែរ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា អាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី ដែលផ្តល់មកឲ្យកម្ពុជាសរុប តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩នេះ មានប្រមាណ ៨៥៣នាក់។ លោកបន្តថា អាហារូបករណ៍រដ្ឋាភិបាលណូវែលហ្សេឡង់ ផ្តល់មកកម្ពុជា តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៩នេះ មានប្រមាណ ២៨៥នាក់ផងដែរ៕