(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានបង្ហាញមហិច្ឆតាក្នុងការពង្រីកសាខា និងអនុសាខារបស់ខ្លួនឲ្យបាន២០ទីតាំង នៅឆ្នាំក្រោយនៅកម្ពុជា។
ការលើកឡើងបែបនេះ របស់លោកបណ្ឌិត គីម ហ៊ាង ធ្វើឡើងក្នុងពិធីចុះអនុស្សារណៈយោគគ្នា និងប្រគល់សិទ្ធិបើកសាខា និងអនុសាខារបស់ KW Cambodia ចំនួន៣បន្ថែមទៀត នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ រវាងលោកជាមួយលោក អ៊ិន ដារ៉ា ប្រធានសាខាខេត្តបាត់ដំបង, លោក ហេង រដ្ឋា ប្រធានអនុសាខាក្រុងតាខ្មៅ និងលោក សេន ហ៊ី ប្រធានអនុសាខាស្រុកកៀនស្វាយ។
លោកបណ្ឌិតបានថ្លែងថា KW Cambodia នឹងពង្រីកឲ្យបាន២០សាខានៅឆ្នាំ២០២០ខាងមុខ។ ខណៈបច្ចុប្បន្នក្រុមហ៊ុនបើកសាខាបាន៥ និងអនុសាខា៣ ហើយចុងឆ្នាំនេះ។
លោកបានបន្ថែមថា ការគ្រោងពង្រីកសាខាបន្ថែមរបស់ KW កម្ពុជានេះ ព្រោះដោយសារតែការដំណើរមានភាពល្អប្រសើរ និងកាន់តែរីកចម្រើនទៅមុខ បន្ទាប់ពីបានឈរជើងនៅកម្ពុជា ត្រឹមរយៈពេលជាង១ឆ្នាំមកនេះ។
ទន្ទឹមជាមួយគ្នាប្រធានសាខា និងអនុសាខាថ្មីទាំង៣រូបខាងលើ បានសម្ដែងការពេញចិត្ត និងភាពកក់ក្ដៅជាខ្លាំង ក្រោយបានក្លាយជាសមាជិករបស់គ្រួសារ KW Cambodia ដោយពួកលោកបានបង្ហាញនូវការជឿជាក់ និងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីកសាងគ្រឹះក្នុងវិស័យអចលនទ្រព្យឲ្យបានរឹងមាំ ស្របតាមស្ដង់ដាររបស់ក្រុមហ៊ុនលំដាប់ពិភពលោកនេះ ដើម្បីជំរុញអាជីវកម្មរបស់ខ្លួនឲ្យរីកចម្រើន និងឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នានាថ្ងៃអនាគត។
សូមបញ្ជាក់ថា មកទល់បច្ចុប្បន្ន បន្ទាប់ពីដំណើរការជាង១ឆ្នាំ ក្រុមហ៊ុន KW Cambdia បានបើកសាខា និងអនុសាខាសរុបចំនួន៨ហើយ រួមមានសាខាខណ្ឌទួលគោក, ខណ្ឌជ្រោយចង្វារ, ខណ្ឌឬស្សីកែវ, ខណ្ឌសែនសុខ និងសាខាខេត្តបាត់ដំបង ខណៈអនុសាខា គឺមានអនុសាខាក្រុងបាវិត អនុសាខាក្រុងតាខ្មៅ និងអនុសាខាស្រុកកៀនស្វាយ ហើយក្រុមហ៊ុនក៏ត្រៀមបើកសាខាចំនួន២បន្ថែមទៀត មុនដាច់ឆ្នាំ២០១៩ផងដែរ៕