(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ២០លានរៀលសម្រាប់អ្នកស្លាប់ និង ៣លានរៀល សម្រាប់អ្នករងរបួសក្នុងហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។
ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់នេះ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ដែលបានរងគ្រោះក្នុងហេតុការណ៍ដ៏អកុសលនេះផងដែរ។
ក្រៅពីការតាមដាន ចាត់ចែងបញ្ជានៅក្នុងប្រតិបត្តិការសង្គ្រោះនេះហើយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកាដល់ជនរងគ្រោះ ដើម្បីដោះស្រាយទុក្ខលំបាកផ្សេងៗផងដែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាប្រមាណ ២០លានរៀលក្នុងមួយសព សម្រាប់គ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត និងឧត្ថម្ភ ៣លានរៀលក្នុងមួយនាក់ សម្រាប់អ្នករងរបួស។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ កើតមានហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ ហេតុការណ៍នេះ បណ្តាលឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ១៣អង្គ/នាក់ រងរបួសធ្ងន់ស្រាល និង ៣នាក់បានស្លាប់បាត់បង់ជីវិត។
រហូតមកដល់យប់ថ្ងៃនេះ ក្រុមអ្នកជួយសង្គ្រោះបានអះអាងថា ជនរងគ្រោះទាំងអស់ត្រូវបានយកចេញពីគំនរប្លង់សេនេះអស់ហើយ។ តែក្រុមអ្នកជួយសង្គ្រោះមិនទាន់បញ្ចប់ប្រតិបត្តិការនៅឡើយទេ គឺបន្តកាយគំនរអគារនេះរហូតទាល់តែអស់។
បើតាមលោកទេសរដ្ឋមន្ត្រី គន់ គីម ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានពីរនាក់នៅក្នុងខេត្តសៀមរាប និងមួយនាក់មានលំនៅឋានក្នុងខេត្តព្រៃវែង។ សពជនរងគ្រោះត្រូវបានអាជ្ញាធរចាត់ចែងដឹកទៅកាន់លំនៅឋាន ហើយរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី៕