(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បើទោះបីកំពុងជាប់រវល់ជាមួយបេសកកម្មការងារនៅប្រទេសវៀតណាមក៏ដោយនោះ បានចូលរួមតាមដានជាប់ជាប្រចាំជាមួយប្រតិបត្តិការសង្គ្រោះជនរងគ្រោះដោយសារការបាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ។
ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់អភិបាលខេត្តសៀមរាប លោក ទៀ សីហា កម្លាំងសមត្ថកិច្ច អាជ្ញាធរ ប្រជាពលរដ្ឋ និងព្រះសង្ឃសរុបប្រមាណ ៧៥០អង្គ/នាក់ បានប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋចេញពីគំនរប្លង់សេដែលបាកនោះ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្ត និងស្មារតីទទួលខុសត្រូវរបស់អភិបាលខេត្ត មន្ត្រីអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្ត និងយ៉ាងសស្រាក់សស្រាំបំផុតក្នុងការជួយសង្គ្រោះជនរងគ្រោះដោយការបាក់រលំប្លង់សេនេះ។
លោក គន់ គីម ក៏បានចូលរួមសោកស្តាយជាមួយនឹងក្រុមគ្រួសារជនរងគ្រោះ ដែលរងគ្រោះដោយហេតុការបាក់រលំប្លង់សេនេះផងដែរ។ «នេះជាគ្រោះដ៏អកុសល។ ខ្ញុំសូមចូលរួមសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ហើយយើងនឹងបន្តតាមដានយកចិត្តទុកដាក់ក្នុងការព្យាបាលរបួស ក៏ដូចជាការរៀបចំចាត់ចែងបុណ្យសពជនរងគ្រោះ»។
សូមបញ្ជាក់ថា ហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ១៣អង្គ/នាក់ បានរងរបួសធ្ងន់ស្រាល និង៣នាក់បានស្លាប់។
រហូតមកដល់យប់ថ្ងៃនេះ ក្រុមអ្នកជួយសង្គ្រោះបានអះអាងថា ជនរងគ្រោះទាំងអស់ត្រូវបានយកចេញពីគំនរប្លង់សេនេះអស់ហើយ។ តែក្រុមអ្នកជួយសង្គ្រោះមិនទាន់បញ្ចប់ប្រតិបត្តិការនៅឡើយទេ គឺបន្តកាយគំនរអគារនេះរហូតទាល់តែអស់៕