(បាងកក)៖ កម្ពុជា បានស្នើថៃ ជួយបណ្តុះបណ្តាលគ្រូបង្គោល និងមន្ត្រីជំនាញ ក្នុងការគ្រប់គ្រងមជ្ឈមណ្ឌលសំចតទី១ប៉ោយប៉ែត។ ការស្នើសុំរបស់កម្ពុជានាពេលនេះ បានធ្វើឡើងនៅថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់ប្រតិភូសង្គមកិច្ចកម្ពុជា ទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងសុវត្ថិភាពជនរងគ្រោះ និងងាយរងគ្រោះ គឺមជ្ឈមណ្ឌល «ក្មេងស្រីក្រេតត្រាក់កាន» នៅខេត្តណុនថាបូរី ប្រទេសថៃ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។
ដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលនេះ ដឹកនាំដោយ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងមន្រ្តីជំនាញរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាច្រើនរូបទៀត។
ក្នុងដំណើរទស្សនកិច្ចនោះ ប្រតិភូសង្គមកិច្ចកម្ពុជា បានជួបពិភាក្សាជាមួយភាគីថៃ ជុំវិញគម្រោងសាងសង់មជ្ឈមណ្ឌលសំចតទី១ នៅក្រុងប៉ោយប៉ែត ដោយភាគីកម្ពុជា ស្នើសុំឱ្យភាគីថៃ ជួយបណ្តុះបណ្តាលគ្រូបង្គោល ហើយផ្តល់មន្ត្រីជំនាញ ដើម្បី ហ្វឹកហាត់ដល់មន្ត្រីកម្ពុជា ក្នុងការគ្រប់គ្រងមជ្ឈមណ្ឌលនោះ។ បន្ថែមពីលើនេះ ប្រតិភូសង្គមកិច្ចកម្ពុជា ក៏បានអញ្ជើញទស្សនកិច្ច កន្លែងបណ្តុះបណ្តាលតាមជំនាញនៅក្នុងមជ្ឈមណ្ឌលក្មេងស្រីផងដែរ រួមមាន មានជំនាញ កាត់ដេរ ជំនាញធ្វើនំ សិប្បកម្មដោយដៃ ម៉ាស្សា កែសម្ផស្ស និង ត្បាញ។
កម្ពុជា និង ថៃ បានព្រមព្រៀងគ្នាហើយថានៅដើមឆ្នាំ ២០២០ខាងមុខនេះ នឹងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលសំចតមួយនៅប៉ោយប៉ែត សម្រាប់សង្គ្រោះ និង ផ្តល់សេវាដល់ជនរងគ្រោះ និង ងាយរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដែលគ្រោងនឹងចំណាយថវិកាប្រមាណជា១លានដុល្លារអាមេរិក ដែលជា ជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលថៃ ដើម្បីជាចំណងដៃមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។
គួរបញ្ជាក់ថា លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងមន្រ្តីជំនាញជាច្រើនរូបទៀត នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ បានចាកចេញពីកម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅប្រទេសថៃ ដើម្បីពិភាក្សាជាមួយភាគីថៃ លើពីការគ្រប់គ្រង និងសាងសង់មណ្ឌលមជ្ឈមណ្ឌលសំចតទី១ នៅក្រុងប៉ោយប៉ែត។
ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងការបរទេស ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច ក្រសួងការងារ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអភិបាលរងខេត្តបន្ទាយមានជ័យផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ញ៉ឹក វណ្ណារ៉ា មានលើកឡើងថា ដំណើរទស្សនកិច្ចនាពេលនេះ គឺបានផ្តោតសំខាន់លើ៖
ទី១៖ ការផ្លាស់ប្តូរព័ត៌មានពីជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងគោលបំណងធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម
ទី២៖ ការសម្របសម្រួលក្នុងការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម
ទី៣៖ ការសម្របសម្រួលក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស
ទី៤៖ ការតាមដានត្រួតពិនិត្យ និងការប៉ាន់ប្រមាណលទ្ធផល នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម៕