(សៀមរាប)៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Eve-Marie Mosseray លេខាប្រតិបត្តិនៃសមាគមផ្ដល់សេវាការងារសាធារណៈពិភពលោក (WAPES) ដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការ រវាងសមាគម និងទីភា្នក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នៅសណ្ឋាគារ សូហ្វីតែលអង្គរ ភូគីត្រា ក្នុងទឹកដីអង្គរខេត្តសៀមរាប នាល្ងាចថ្ងៃទី0២ ខែធ្នូ ឆ្នាំ២០១៩នេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវអំណរគុណជាថ្មីម្តងទៀត ដល់អនុប្រធានទទួលបន្ទុកតំបន់អាស៉ី-ប៉ាស៉ីហ្វិក សមាជិកក្រុមប្រឹក្សាភិបាល លេខាធិការប្រតិបត្តិ និងសមាជិករបស់ WAPES ទាំងអស់ ដែលបានខិតខំប្រឹងប្រែងសហការសម្របសម្រួល ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការរៀបចំឱ្យមានសន្និសីទថ្នាក់តំបន់ដ៏មានសារៈប្រយោជន៍នេះឡើង ព្រមទាំងអរគុណ យ៉ាងជ្រាលជ្រៅដល់វាគ្មិនជាតិ និងអន្តរជាតិដែលបានចំណាយពេលដ៏មានតម្លៃ ដើម្បីចូលរួមចែករំលែកនូវចំណេះដឹង បទពិសោធន៍ជោគជ័យ និងការអនុវត្តល្អនៅក្នុងសន្និសីទនេះ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យសមាជិក WAPES បន្តជួយគាំទ្រដល់សេវាការងាររបស់កម្ពុជា ឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត។
នៅក្នុងជំនួបនេះដែរ លោកស្រី Eve-Marie Mosseray ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ នៃសនិ្នសីទអាស៉ី-ប៉ាស៉ីហ្វិក របស់សមាគមផ្តល់សេវាការងារសាធារណៈពិភពលោកបានយ៉ាងល្អ ព្រមទាំងទទួលស្វាគមន៍គណៈប្រតិភូ ដែលបានអញ្ជើញចូលរួមនៅក្នុងសន្និសីទនេះយ៉ាងកក់ក្តៅជាទីបំផុតផងដែរ។
លោក អ៉ិត សំហេង លើកឡើងថា ជាការពិតណាស់ ជោគជ័យដែល NEA សម្រេចបានក្នុងរយៈពេលដ៏ខ្លីខាងលើនេះ មិនអាចកាត់ផ្តាច់បានពីការជួយគាំទ្រជ្រោមជ្រែងជាប្រចាំ ពីសំណាក់សមាជិក WAPES ក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគី ជាពិសេស ប្រទេសកូរ៉េ ជប៉ុន និងស៊ុយអែត និងដៃគូរអភិវឌ្ឍន៍ ជាពិសេសអង្គការអន្តរជាតិខាងការងារ (ILO) ។
គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាសមាជិកថ្មីមួយក្នុងចំណោមសមាជិកចំនួន១២ នៃតំបន់អាស៉ី-ប៉ាស៉ីហ្វិក របស់សមាគមពិភពលោកនៃសេវាការងារសាធារណៈ (WAPES) ដែលមានសមាជិកសរុបចំនួន៨២។
ឱកាសក្នុងការរៀបចំសន្និសីទនេះ គឺជាវេទិកាដែលផ្តល់នូវកាលានុវត្តភាព ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អពាក់ព័ន្ធការផ្តល់សេវាការងារសាធារណៈ ក្នុងចំណោមរដ្ឋសមាជិក ដែលមានការអភិវឌ្ឍខ្លាំងក្លាផ្នែកការផ្តល់សេវាការងារតាមប្រព័ន្ធឌីជីថល ព្រមទាំងការបង្ហាញពីករណីសិក្សា នៃការចាប់ផ្តើមស្រូបយកបច្ចេកវិទ្យាឌីជីថល ចូលក្នុងការផ្តល់សេវាការងាររបស់រដ្ឋជាសមាជិកថ្មីដូចជាកម្ពុជា៕