(ភ្នំពេញ)៖ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី ៥ ខែធ្នូ ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
យោងតាមការជូនព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី ល្វីស មូស៊ីគីវ៉ាបូ ក្នុងគោលដៅពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអង្គការ OIF បន្ទាប់ពីលោកស្រីចូលកាន់តំណែងជាអគ្គលេខាធិការ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩មក។
បើតាមក្រសួងការបរទេសទស្សនកិច្ចផ្លូវការនេះ ប្រព្រឹត្តទៅក្នុងពេលដំណាលគ្នានឹងមហាសន្និបាតអភិបាលក្រុងនិយាយភាសាបារាំង(AIMF) នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនដ៏សំខាន់មួយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយដែលលោកស្រីនឹងអញ្ជើញចូលរួមផងដែរ។
នៅក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ លោកស្រីអគ្គលេខាធិការ នឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ជួបសម្តែងការគួរសមចំពោះសម្តេចជោ ហ៊ុន សែន និងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកស្រី ក៏នឹងជួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះលោកស្រី ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញទៅកាន់ខេត្តសៀមរាបផងដែរ។ លោកស្រីអគ្គលេខាធិការនឹងទទួលស្វាគមន៍ដោយអភិបាលខេត្តសៀមរាប លោក ទៀ សីហា និងអញ្ជើញទស្សនាប្រាង្គប្រាសាទអង្គរ។
លោកស្រី ក៏នឹងចូលរួមក្នុងសិក្ខាសាលាតំបន់ស្តីពីសកម្មភាពស្រាវជ្រាវ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលតំបន់ហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CREFAP) និងក្រសួងអប់រំ យុវជន និង កីឡា ផងដែរ និងទស្សនាថ្នាក់រៀនពីរភាសានៃសាលាបឋមសិក្សាវត្តបូផងដែរ។
សូមបញ្ជាក់ថា អង្គការ OIF ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧០ ដោយបិតាស្ថាបិកចំនួន ៤រូប គឺលោក Léopold Sédar Senghor ប្រមុខរដ្ឋប្រទេសសេណេហ្កាល់ លោក Habib Bourguiba ប្រមុខរដ្ឋប្រទេសទុយនីស៊ី លោក Hamani Diori ប្រមុខរដ្ឋប្រទេសនីហ្សេ និង ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ នៃប្រទេសកម្ពុជា ។
នាពេលបច្ចុប្បន្ន អង្គការ OIF បានក្លាយជាអង្គការអន្តររដ្ឋាភិបាលដ៏ធំមួយនៅក្នុងពិភពលោក (បន្ទាប់ពីអង្គការសហប្រជាជាតិ) មានរដ្ឋ និងរដ្ឋាភិបាលសមាជិកសរុបចំនួន៨៨ (សមាជិកពេញសិទ្ធិចំនួន ៥៤ មិនពេញសិទ្ធិ ចំនួន ៧ និងសមាជិកសង្កេតការណ៍ចំនួន ២៧)៕