(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា និងអ្នកប្រមូលទិញស្រូវ បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពាណិជ្ជឯកជន ជួយឲ្យទម្លាក់ថវិកា ដែលមានទំហំចាប់ពី១០០-២០០លានដុល្លារ ដើម្បីជួយដល់ការប្រមូលទិញស្រូវ របស់ប្រជាកសិករ ដែលកំពុងមានបញ្ហាធ្លាក់ថ្លៃ។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ថ្លែងក្នុងកិច្ចសម្ពាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh New ថា នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការធ្លាក់ចុះនៃតម្លៃស្រូវរបស់កសិករ មានមូលហេតុជាច្រើនដូចជា បញ្ហាការធ្លាក់ថ្លៃនៃតម្លៃអង្ករនៅទីផ្សារអន្តរជាតិ កត្តាអាកាសធាតុបានធ្វើឲ្យផលស្រូវមានការធ្លាក់ចុះ និងប៉ះពាល់ដល់គុណភាពស្រូវ និងការខ្វះខាតទុនសម្រាប់ទិញស្រូវស្តុកទុករបស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវជាដើម។
ដើម្បីដោះស្រាយបញ្ហានៃការធ្លាក់ចុះតម្លៃស្រូវនេះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ បានស្នើសុំការគាំទ្រពីធនាគារឯកជន និងធនាគារអភិវឌ្ឍន៍ជនបទ ពិសេសពីរាជរដ្ឋាភិបាល ដើម្បីធ្វើគោលនយោបាយមានកញ្ចប់ថវិកា សម្រាប់ប្រមូលទិញស្រូវស្ដុកទុក ក្នុងរដូវច្រូតកាត់នេះ។
លោក សុង សារ៉ន បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមសហព័ន្ធ ដើម្បីដោះស្រាយបញ្ហាទាំងនេះ យើងត្រូវការ៖ បច្ចេកទេសក្រោយពីប្រមូលផល, ពូជស្រូវ, ថវិកាបម្រុង ដោយសូមឲ្យរាជរដ្ឋាភិបាល មានថវិកាបម្រុងប្រមាណ១០០-១៥០លានដុល្លារ ដើម្បីជួយពេលដែលសមាជិកសហព័ន្ធ ជួបប្រទះបញ្ហាការខ្វះខាតលុយ សម្រាប់ទិញស្រូវ»។
លោកបន្តថា «ប្រសិនបើរាជរដ្ឋាភិបាលមានកញ្ចប់មួយបម្រុង សម្រាប់ការប្រមូលផលស្រូវ ដោយធ្វើការងារជាមួយសហព័ន្ធឲ្យសមាជិកទាំងអស់ ដែលជាសមាជិកម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្មប្រមូលទិញ ដើម្បីកុំឲ្យសល់ ឬខូចគុណភាពស្រូវនៅវាលស្រែ។
លោកបញ្ជាក់បន្ថែមថា សម្រាប់ទីផ្សារអង្ករនៅប្រទេសចិន លោកបានស្នើសុំឲ្យរដ្ឋាភិបាលធ្វើការចចារជាមួយភាគីចិន ដើម្បីឲ្យប្រទេសនេះអនុវត្តន៍ក្នុងការបញ្ជាទិញពិតប្រាកដ ដើម្បីឲ្យតម្លៃស្រូវមានភាពល្អប្រសើរ។
លោកបានបញ្ជាក់ថា ដើម្បីឲ្យតម្លៃស្រូវមានស្ថេរភាព គឺមានតែរាជរដ្ឋាភិបាលប៉ុណ្ណោះដែលអាចជួយបាន ដូច្នេះសហព័ន្ធបានលើកសំណើរទៅរាជរដ្ឋាភិបាល តាមរយៈធនគារអភិវឌ្ឍន៍ជនបទ សូមបន្ដទម្លាក់ថវិកា ដើម្បីឲ្យតម្លៃស្រូវមានស្ថេរភាព។
ស្រដៀងគ្នានឹងលោក សុង សារ៉ន ដែរ លោកឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវ បានបង្ហាញពីកត្តាមួយចំនួនដូចបញ្ហាទីផ្សារអន្តរជាតិ បញ្ហាអាកាសធាតុ បញ្ហាគុណភាពស្រូវ និងការខ្វះខាតថវិកាប្រមូលទិញស្រូវ ជាហេតុផលដែលធ្វើឲ្យស្រូវកសិករជួបបញ្ហាធ្លាក់ថ្លៃ។
លោកលើកឡើងថា «យើងខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាល សូមឲ្យមានថវិការបស់រដ្ឋ តាមរយៈធនាគារធនាគារអភិវឌ្ឍន៍ជនបទ ចាប់ពី១០០-២០០លានដុល្លារមក ដើម្បីផ្ដល់ឲ្យរោងម៉ាស៊ីនកិនស្រូវ អាចប្រមូលទិញស្រូវពីកសិករបាន»។
លោកបញ្ជាក់ទៀតថា ដើម្បីពង្រឹងសហគមន៍ឲ្យមានទីផ្សារច្បាស់លាស់ និងមានតម្លៃស្ថេរភាពតាមទីផ្សារជាតិ និងអន្ដរជាតិ គឺយើងត្រូវការការដោះស្រាយកត្តាទុននេះ ដើម្បីឲ្យមានភាពរឹងមាំដល់ទីផ្សារកសិករ៕