(កំពង់ធំ)៖ នាឱកាសមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨ ដល់ ២ធ្នូ២០១៩) ជាមួយប្រជាពលរដ្ឋនៅស្រុកបារាយណ៍ និងស្រុកតាំងគោក លោក ទិត ចន្ថា អនុប្រធានក្រុមការងារចុះជួយស្រុកតាំងគោក បានផ្ដាំផ្ញើឱ្យយុវជនជំនាន់ថ្មីត្រូវចេះរៀនសូត្រ និងអនុវត្តតាមគំរូវីរភាពរបស់បុព្វការីជន វរជន និងអ្នកស្នេហាជាតិសម័យ២ធ្នូ ដើម្បីបន្តការការពារមាតុភូមិកម្ពុជា ដ៏កម្សត់មួយនេះតទៅមុខទៀត។
នាឱកាសនោះ លោក ទិត ចន្ថា បានលើកឡើងនូវប្រយោគសំខាន់ៗមួយចំនួនថា រណសិរ្ស២ធ្នូ គឺជាបុព្វការីដ៏មានគុណូបការៈចំពោះជាតិ មាតុភូមិ និងប្រជាជន។ ទិវារណសិរ្ស២ធ្នូ គឺជាកញ្ចក់ប្រវត្តិសាស្រ្តមួយដ៏សំខាន់ សម្រាប់សង្គមកម្ពុជា។ មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបប្រជាជនខ្មែរគ្រប់គ្នា មានជីវិតរស់រានឡើងវិញ និងមានអ្វីៗទាំងអស់ដូចថ្ងៃនេះ។
លោក ទិត ចន្ថា បានផ្ដាំផ្ញើប្រជាពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយទាំងអស់ ត្រូវបន្តខិតខំពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុង និងការរៀនសូត្រពីគំរូវីរភាព នៃការលះបង់ដ៏ច្រើនឥតគណនារបស់បុព្វការីជន វរជន និងអ្នកស្នេហាជាតិ ដែលបានធ្វើអ្វីៗទាំងអស់ដើម្បីជាតិ និងប្រជាជន ពិសេសត្រូវចងចាំថាសន្តិភាព គឺជាកត្តាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយទោះក្នុងតម្លៃណាក៏ដោយ គឺត្រូវរួមគ្នាថែរក្សា និងការពារសន្តិភាពនេះ ឲ្យបានជាដាច់ខាត។
បានជាលោកលើកឡើងយ៉ាងដូច្នេះ ក៏ព្រោះនាពេលថ្មីៗនេះ មានក្រុមឧទ្ទាមក្រៅច្បាប់មួយក្រុម បានព្យាយាមបំផ្លាញសុខសន្តិភាព ស្ថិរភាពនៅកម្ពុជា។ ពួកគេបានប្រើឧបាយកលគ្រប់មធ្យោបាយ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល បោកប្រាស់ប្រជាជនឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកដឹកនាំតស៊ូរំដោះប្រជាជន ពីរបបប្រល័យពូជសាសន៍ រួចផុតពីសង្គ្រាម។
លោកថា ប៉ុន្តែប្រជាជនមិនបានចាញ់បោកការបោកប្រាស់ របស់ពួកគេឡើយ ផ្ទុយទៅវិញប្រជាជនមានតែគាំទ្ររាជរដ្ឋាភិបាលកាន់ខ្លាំងឡើង និងប្រឆាំងទៅកាន់ក្រុមពួកឧទ្ទាមទាំងនោះវិញ និងបានរួមគ្នាជាមួយកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងរាជរដ្ឋាភិបាល ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព ស្ថិរភាព និងសមិទ្ទផលនានាដែលកើតចេញពីការអភិវឌ្ឍ ការពារលទ្ធិប្រជាធិបតេយ្យយ៉ាងម៉ឺងម៉ាត់។
លោក ទិត ចន្ថា បានបន្តថា ការផ្ដួលរំលំរាជរដ្ឋាភិបាលតាមរបៀបរបស់ក្រុមឧទ្ទាមនេះ មិនមែនជាការអនុវត្តលទ្ធិប្រជាធិបតេយ្យនោះឡើយ ផ្ទុយទៅវិញវានឹងនាំក្ដីមហន្តរាយសាជាថ្មីមកដល់ប្រជាជាតិកម្ពុជាដ៏កម្សត់មួយនេះ។
លោកបានបន្តថា សច្ចធម៌ប្រវត្តិសាស្ត្រគឺមានពិត ព្រោះតែហេតុនេះហើយបានជាប្រជាជនកម្ពុជាមិនបានគាំទ្រចលនាបំផ្លាញជាតិបែបនេះឡើយ ខណៈសហគមន៍អន្តរជាតិក៏មិនបានគាំទ្រទង្វើដ៏ស្មោគគ្រោកបែបនោះដែរ។
ប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស យុវជន ដែលជាអ្នកជំនាន់ថ្មី ត្រូវយល់ឱ្យច្បាស់ថា ប្រវត្តិសាស្ត្រគឺមានពិត ដែលបានចារឹកទុកនូវរឿងពិត។ ទោះបីយុវជនមិនបានស្រមៃនឹកឃើញពីរឿងរ៉ាវជូរចត់ វេទនារងទុក្ខរបស់ឪពុកម្ដាយ ជីដូនជីតាកាលពីអតីតកាលមែនពិត ប៉ុន្តែក៏បានស្ដាប់ឮ ក៏បានស្រាវជ្រាវយល់ដឹងពីទុក្ខវេទនាទាំងឡាយ ដែលបានកើតឡើងមកលើប្រទេសកម្ពុជាដែរ។
មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានតស៊ូរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋពីអំពើដ៏ព្រៃផ្សៃឃោឃៅទាំងនោះ ដែលជាអ្នកសង្គ្រោះជាតិពិតប្រាកដ។
លោកបានបន្តផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋនៅស្រុកបារាយណ៍ និងស្រុកតាំងគោកទាំងអស់គ្នា ត្រូវថែរក្សឲ្យបានគង់វង្សនូវមរតកសន្តិភាព ជាប្រវត្តិសាស្រ្តដែលអ្នកជំនាន់មុន បានខិតខំធ្វើពលិកម្ម កសាងឡើងដោយសមុទ្រឈាម និងទឹកភ្នែក៕