(ភ្នំពេញ)៖ រូបភាពស្រាបៀរកម្ពុជាកំប៉ុងថ្មីដ៏ឡូយ ទាន់សម័យបានបែកធ្លាយមុនថ្ងៃកំណត់រាប់សិបប៉ុស្តិ៍ តាមរយៈការថតរូបបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុក របស់បុគ្គលិកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាផ្ទាល់។
ការបែកធ្លាយនេះ កើតឡើងក្រោយពីក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បានរៀបចំពិធីអបអរសាទរគម្រប់ខួប១០ឆ្នាំ របស់ខ្លួននៅព្រឹកថ្ងៃទី០២ ខែធ្នូ និងបើកបង្ហាញរូបរាងដ៏ឡូយថ្មី នៃការវេចខ្ចប់កំប៉ុងស្រាបៀរកម្ពុជា ដើម្បីឱ្យបុគ្គលិកមានភាពភ្ញាក់ផ្អើលជាមួយរចនាបថថ្មីដ៏ស្រស់ស្អាតនោះ។
ប៉ុន្តែដោយការជក់ចិត្តស្រឡាញ់ ហើយទ្រាំទប់ចិត្តមិនបានចង់បង្ហាញនូវរូបរាងថ្មីនេះ បុគ្គលិកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បានបង្ហោះរូបពួកគេអម ជាមួយនឹងរូបកំប៉ុងថ្មី ដែលតាមការពិតទៅក្រុមហ៊ុនស្រាបៀរកម្ពុជា ចង់ធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៣ ខែធ្នូ ទៅវិញទេ។
សូម្បីតែលោក ម៉ៃឃើល សុវណ្ណ ដែលគេស្គាល់ថាជាប្រធានផ្នែករៀបចំកម្មវិធី និងទំនាក់ទំនងសាធារណរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ទប់ចិត្តមិនបាន ហើយបង្ហាញឱ្យឃើញរូបលោកជាមួយនឹងកំប៉ុងស្រាបៀរកម្ពុជាថ្មី ដោយទឹកមុខញញឹម និងសារលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកថា «រំភើបពេក អាថ៌កំបាំងត្រូវបានទម្លាយ ហើយនេះ ជារូបរាងថ្មីរបស់ស្រាបៀរកម្ពុជា! Cheers!»។
យ៉ាងណាក៏ដោយ ការប្រកាសសម្ពោធរូបរាងថ្មីជាផ្លូវការ របស់ស្រាបៀរកម្ពុជា នៅតែបន្តធ្វើតាមកាលកំណត់ដដែល គឺនៅថ្ងៃទី០៣ ខែធ្នូ ស្អែកនេះ៕