(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការធិការបក្សខេត្ត និងជាប្រធានរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិខេត្ត បានលើកឡើងថា ថ្ងៃ ២ ធ្នូ គឺជាថ្ងៃប្រវត្តិសាស្រ្ត ដែលបានចារឹកជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូបមានថ្ងៃ ២ ធ្នូ ទើបមាន ថ្ងៃ ៧ មករា, មានថ្ងៃ ៧ មករា ទើបមានអ្វីៗដូចថ្ងៃនេះ ហើយថ្ងៃ ២ ធ្នូ ជាថ្ងៃបង្កើតកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដី និងរំដោះជីវិតប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ការលើកឡើងបែបនេះរបស់លោក ផាន់ ចាន់ធុល បានធ្វើឡើងនៅថៃ្ងទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលោកបានអញ្ជើញប្រារព្ធមេទ្ទីងអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៨៧៨-២ ធ្នូ ២០១៩ ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិការណសិរ្យខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សាសនិកឥស្លាម និងប្រជាពលរដ្ឋជាង ៦០០នាក់ ផងដែរ។
លោក ផាន់ ចាន់ធុល បានថ្លែងថា ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ត្រូវចាត់ទុកថ្ងៃ ២ធ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញ របស់មាតុភូមិ និងប្រជាជនកម្ពុជាហើយរណសិរ្យ ២ ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងគ្នា ឱ្យរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ រណសិរ្យ ២ ធ្នូ នៅបានជួយស្តារកសាង និងអភិវឌ្ឍន៍ មាតុភូមិឱ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេសកម្ពុជា។
លោកបានបន្តថា រណសិរ្យសាមគ្គីសង្គ្រោះជាតិ ២ ធ្នូ ១៩៧៨ បច្ចុប្បន្នត្រូវបានដូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមួយឈានមុខរបស់គណបក្ស ប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះក្នុង ភូមិជើងក្លូ ឃុំ២ធ្នូ ខេត្តក្រចេះ ដើម្បីរួមជាមួយប្រជាជនផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតទទួលជ័យជំនៈ នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ទទួលបានមកវិញនូវសិទ្ធិសេរីភាព និងមានឱកាសស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ របស់មាតុភូមិកម្ពុជា។ ប្រជាជនកម្ពុជាសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ ធ្នូ និង ជ័យជំនះថ្ងៃ ៧ មករា នោះទេ យើងក៏គ្មានអ្វីៗដូចថ្ងៃនេះដែរនេះ គឺជាសច្ចៈធម៌នៃប្រវត្តិសាស្ត្រ។
នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យ បានបង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ ធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានសណ្តាប់ធ្នាប់ក្នុងសង្គមបានល្អប្រសើរ ធ្វើឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរឱ្យមោទនៈ ហើយភាពអំណោយផលខាងនយោបាយនេះ បានរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទ្រទ្រង់ដល់ការរីកចម្រើនលើគ្រប់វិស័យ។
ទន្ទឹមនេះដែរ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លុបបំបាត់នូវស្នាមបែកបាក់ នៅក្នុងសង្គមជាតិធ្វើ ឱ្យធ្លុងមហាសាមគ្គីជាតិកាន់តែរឹងម៉ាំឡើង ដើម្បីរួមគ្នាដឹកនាំ និងកសាងប្រទេសឱ្យបានរីកចម្រើនថែមទៀត។
សូមបញ្ជាក់ថា ដើម្បីជាសក្ខីភាពនៃការដឹង គុណចំពោះបុព្វការីជន និងរណសិសរ្សអភវឌ្ឍន៍ មាតុភូមិកម្ពុជា អង្គមិទ្ទិញទាំងមូលបានប្តេជ្ញា លើកកម្ពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីភាពផ្ទៃក្នុង ប្រកាន់ភ្ជាប់ប្រពៃណីស្នេហាជាតិផ្សារភ្ជាប់ជាមួយប្រជាជន បម្រើប្រជាជន ឱ្យអស់កម្លាំងកាយចិត្ត ដើម្បីអនុវត្តន៍ឱ្យបានជោគជ័យ នូវទិសដៅរបស់ថ្នាក់លើ ក្នុងការរួមចំណែកកាត់បន្ថយភាព ក្រីក្ររបស់ប្រជាជនយើង៕