(កំពង់ឆ្នាំង)៖ ក្រុមគ្រួសារជនរងគ្រោះ ៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរារចរណ៍ បង្កឡើងដោយម្ចាស់រថយន្តម៉ាកហ៊ីយ៉ាន់ដាយអតូស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ 2A-4881 មកបុកពីក្រោយធ្វើ ឱ្យកូនបង្កើត កូនប្រសារ និងក្មួយរងរបួសសន្លប់ដេករដូករណែកនៅលើផ្លូវឱ្យរួចខ្លួន ខណៈអ្នកជំងឺកំពុងដេកនៅនឹងកន្ទេលនៅឡើយ រង់ចាំបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។
បើតាមស្ត្រី ឈ្មោះ សុខ សោភ័ណ រស់នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវជាម្តាយបានស្នើសុំថ្នាក់ដឹកនាំជួយរកយុត្តិធម៌ បន្ទាប់ពីសាលាឧទ្ធរណ៍បានដោះលែងជនបង្កឈ្មោះ យស សុផល ភេទប្រុស អាយុ២៩ ឆ្នាំរស់នៅភូមិត្រពាំងធំ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ការស្នើសុំនេះដោយសារកូនស្រីរបស់គាត់ម្នាក់ ក្នុងចំណោម ៣នាក់ បានរងរបួសបាក់ឆ្អឹងកងស្បូនពិការដេក នៅនឹងកន្ទេលដើរ មិនរួចរហូតមកដល់បច្ចុប្បន្នបណ្តាលមកពីគ្រោះថ្នាក់ ចរាចរណ៍កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោងជាង៨យប់ ស្ថិតក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង ដោយសារជនបង្ករូបនេះស្រវឹងស្រាបានបើករថយន្ត មកបុកពីក្រោយ។
ស្ត្រីឈ្មោះ សុខ សោភ័ណ បាននិយាយរៀបរាប់ថា កាលពីយប់ថ្ងៃទី១ ខែកញ្ញា កូននិងក្មួយចំនួនបីនាក់ បានជិះម៉ូតូជាមួយគ្នាលើផ្លូវជាតិលេខ៥។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយអតូស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ២A-៤៨៩១ មកបុកពីក្រោយធ្វើឱ្យកូន និងក្មួយរងរបួសសន្លប់ដេករដូករណែកនៅលើផ្លូវ។
ស្រ្តីរូបនេះបានបន្តថា ពេលនោះរថយន្តបង្កបានបើករត់គេចខ្លួនតាមផ្លូវលំប្រជាពលរដ្ឋ ក៏នាំគ្នាដេញតាមចាប់ លុះបើករត់បាន ប្រមាណជាង២០០ម៉ែត្រ រថយន្តក៏បែកកង់ប្រជាពលរដ្ឋ ក៏បានឃាត់ខ្លួនអ្នកបើកបររថយន្តឈ្មោះ យស សុផលទាំងស្រវឹងជោគជាំ។ ក្រោយពេលប្រជាពលរដ្ឋឃាត់ខ្លួន អ្នកបើកបរហើយ ប៉ូលីសបានទៅដល់នាំយកជនបង្ករូបនេះ ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។
ស្ត្រីដដែលបានសម្តែងទឹកចិត្តអរគុណតុលាការខេត្តកំពង់ឆ្នាំង ដែលបានឃុំខ្លួនជនបង្កបានរយៈពេលបីខែមកនេះ។ ប៉ុន្តែផ្ទុយទៅវិញរឿង ដែលគាត់មិនពេញចិត្តជាខ្លាំងនោះ គឺតុលាការឧទ្ទរណ៍បែរជាដោះលែងជនបង្កដោយតំកល់ប្រាក់ ៤០០០ដុល្លារ ខណៈដែលជនរងគ្រោះព្យាបាលអស់ប្រាក់ជាង ៥០០០ដុល្លារ នៅមិនទាន់ងើបដើររួចដេកនឹងកន្ទេល ត្រូវចាំបាច់បញ្ជូនទៅវៀតណាម ដើម្បីធ្វើការវះកាត់ តែគ្មានលុយ ហើយបានដាក់លក់ដីផ្ទះនិងដីចំការដើម្បីយកលុយព្យាបាលកូន។
ម្យ៉ាងទៀត រឿងដែលគាត់កាន់តែហួសចិត្តទៀតនោះ គឺនគរបាលចរាចរខេត្តកំពង់ឆ្នាំង មិនបានពិនិត្យជាតិអាកុលជនបង្កទេ ដោយឆ្លើយថា គ្មានម៉ាស៊ីនពិនិត្យ ហើយមិនបានធ្វើការវាសវែងភ្លាមៗ នៅកន្លែងកើតហេតុនោះទេ រហូតស្អែកឡើងថ្ងៃទី២ ខែកញ្ញា ឆ្នាំដដែលវេលាម៉ោង១២ថ្ងៃត្រង់ ទើបចុះទៅធ្វើការវាស់វែង។ មិនតែប៉ុណ្ណោះ ក្រុមប៉ូលីសចរាចរធ្វើរបាយការណ៍បញ្ជូន ទៅតុលាការហាក់មានចេតនាដោះបន្ទុកជនបង្កទៀតផង។
ត្រង់ចំណុចនេះ ស្ត្រីឈ្មោះ សុខ សោភ័ណ បានបញ្ជាក់ថា ជនរងគ្រោះមានដល់ទៅបីនាក់ ម្នាក់ជាក្មួយ និងពីរនាក់ទៀតជាកូនបង្កើត និងកូនប្រសារ។
ជនរងគ្រោះទាំង៣នាក់រួមមានទី១៖ ឈ្មោះ សោម សុភ័ស ជាកូនស្រីបង្កើតរបស់គាត់បានរងរបួសធ្ងន់បាក់ឆ្អឹងកងស្បូនដើរមិនរួចរហូតបច្ចុប្បន្ន, ទី២៖ ឈ្មោះ ផន ចិត្រា ជាកូនប្រសារ និងទី៣៖ ឈ្មោះ នួន សុបឿន ត្រូវជាក្មួយរងរបួសបែកក្បាលទាំងពីរនាក់។ ប៉ុន្តែប៉ូលីសចរាចរណ៍ ធ្វើរបាយការណ៍បញ្ជូន ទៅតុលាការដាក់ឈ្មោះ នួន សុបឿន តែម្នាក់ហើយកែភេទទៅទៀត។ ក្រៅពីនេះប៉ូលីសចរាចរណ៍ បានចោទប្រកាន់ជនរងគ្រោះថា ជិះម៉ូតូគេចគ្រលុក (ជង្ហុក) ទើបចូលឡានគេ។
យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីខាងនគរបាលចរាចរខេត្តកំពង់ឆ្នាំងបាននោះទេ៕