BREAKING NEWS (Update): សាលាឆាន់ក្នុងវត្តប្រាសាទគោកចក ក្រុងសៀមរាប ដែលបាក់រលំប្លង់សេមានកម្ពស់ ៨ម៉ែត្រ, រហូតម៉ោងជាង៤ មនុស្សជិត ១០នាក់ ត្រូវបានសង្គ្រោះ (Video inside)
02-12-2019 16:36
(សៀមរាប)៖ សេចក្ដីរាយការណ៍បន្ថែម នៅវេលាម៉ោងប្រមាណ៤៖៣០នាទី រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា សាលាឆាន់ក្នុងវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានបាក់រលំផ្ទាំងប្លង់សេនេះ មានកម្ពស់៨ម៉ែត្រ។
រហូតមកដល់ពេលនេះ មនុស្សប្រមាណ១០នាក់ ត្រូវបានជួយសង្គ្រោះ ក្នុងចំណោមមនុស្សជាង ២០នាក់ ដែលគៀបជាប់ខាងក្រោមនេះ។ សាលាឆាន់នេះ មានទំហំ៣០ម៉ែត្រ គុណ២០ម៉ែត្រ បានសាង់សងប្រហែលជា១ឆ្នាំមកហើយ។
សូមជម្រាបថា នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មានហេតុការណ៍បាក់ស្រុតព្រះវិហារកំពុងសាងសង់ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យសង្កត់មនុស្ស២០នាក់។
សេចក្ដីរាយការណ៍បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ហើយយកបានមនុស្សចេញពីគំនរព្រះវិហារ។
ជាមួយគ្នានេះ ជនរងគ្រោះក៏មានព្រះសង្ឃនៅក្នុងវត្តផងដែរ ដែលព្រះអង្គបានទៅជួយជួសជុល និងមើលការខុសត្រូវការសាងសង់សាលាឆាន់នេះ។