(ភ្នំពេញ)៖ ដើម្បីផ្សព្វផ្សាយអំពីផលិតផលថ្មីៗរបស់ខ្លួន នាថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាថ្មី CCTi Asia បានសហការជាមួយក្រុមហ៊ុន Hochiki ដែលជាក្រុមហ៊ុនឈានមុខគេលំដាប់ថ្នាក់ពិភពលោក ទៅលើផ្នែកប្រព័ន្ធការពារ និងផ្តល់ដំណឹងពេលកើតមានអគ្គីភ័យ បានរៀបចំព្រឹត្តិការណ៍ «Hochiki & CCTI Asia Gala Dinner 2019» ដើម្បីជួបជុំដៃគូអាជីវកម្មទាំងអស់។
ព្រឹត្តិការណ៍ «Hochiki & CCTI Asia Gala Dinner 2019» បានរៀបចំឡើង នាល្ងាចថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៩ នៅភោជនីដ្ឋានទន្លេបាសាក់១ ដោយមានការចូលរួមពីលោក សូ សុផាណ្ណារ៉ា នាយកប្រតិបត្តិក្រុមហ៊ុន CCTi Asia Co., Ltd, លោក Eric Ong និងលោក Desmond Lim តំណាងក្រុមហ៊ុន Hochiki និងមានការចូលរួមពីដៃគូអាជីវកម្ម ជាច្រើននាក់ទៀតផងដែរ។
លោក សូ សុផាណ្ណារ៉ា នាយកប្រតិបត្តិក្រុមហ៊ុន CCTi Asia Co., Ltd បានឱ្យដឹងថា ការៀបចំព្រឹត្តិការណ៍នេះគឺដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន និងដៃគូអាជីវកម្មទាំងអស់ ដែលបានគាំទ្រទៅលើផលិត Hochiki ជាមួយនឹងការណែនាំផលិតផលប្រកាសអាសន្នការពារ ពេលមានអគ្គីភ័យថ្មី ដែលជាផលិតផល របស់ប្រទេសជប៉ុន និងសហការជាមួយអាមេរិក។
លោក សូ សុផាណ្ណារ៉ា បានបន្ថែមទៀតថា ផលិតផលប្រកាសអាសន្នការពារពេលមានអគ្គីភ័យថ្មីនេះ គឺមានស្តង់ដារត្រឹមត្រូវ ដែលបានទទួលស្គាល់ក្នុងលំដាប់ថ្នាក់ពិភពលោក ដែលមានសារៈប្រយោជន៍ក្នុងការផ្តលតំណឹងភ្លាមៗ នៅពេលដែលមានអគ្គីភ័យកើតឡើង ជាមួយនឹងប្រព័ន្ធចាប់កម្តៅដ៏មានប្រសិទ្ធភាពខ្ពស់។ ផលិតផល Hochiki នេះត្រូវបានគេទទួលស្គាល់ច្រើនថា មានគុណភាពល្អ ហើយមាននៅលើទីផ្សារក្នុងប្រទេសកម្ពុជាជាយូរណាស់មកហើយ។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុន Hochiki គឺជាក្រុមហ៊ុនឈានមុខគេលំដាប់ថ្នាក់ពិភពលោក ទៅលើផ្នែកប្រព័ន្ធការពារ និងផ្តល់ដំណឹងពេលកើតមានអគ្គីភ័យ ក្រុមហ៊ុន Hochiki ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩១៨ ក្នុងប្រទេសអាមេរិច។ Hochiki គឺជាផលិតផលដែលបំពាក់នៅក្នុងទីតាំង ដែលត្រូវការផ្តល់ដំណឹងពេលមានភ្លើងផ្សែង កំដៅ ក្លិន ហ្គាស និងឧស្ម័នផ្សេងៗ និងជួយទប់ស្កាត់ការកើតមានអគ្គីភ័យជាយកថាហេតុ។ ក្នុងនោះផងដែរ Hochiki ត្រូវបានបំពាក់ឧបករណ៍ដែលអាចភ្ជាប់ជាមួយជណ្តើរយន្ត ព្រមទាំងភ្ជាប់ជាមួយទ្វាអេឡិចត្រូនិចផងដែរ នាគ្រាអសន្នដើម្បីសុវត្ថិភាពក្នុងការភាស់ខ្លួន។
ក្នុងឆ្នាំ២០១៩នេះ ក្រុមហ៊ុន Hochiki បានផ្តល់សិទ្ធិអាទិភាពទៅដល់ក្រុមហ៊ុន CCTI Asia Co.,Ltd ដែលជាក្រុមហ៊ុនចែកចាយនូវផលិតផល និងសេវាកម្មឈានមុខគេ ខាងផ្នែកផលិតផលតភ្ជាប់បណ្តាញទិន្នន័យប្រព័ន្ធខ្សែបណ្តាញផ្នែកព័ត៌មានវិទ្យា និងប្រព័ន្ធសុវត្ថិភាពទៅលើឧបករណ៍នេះ៕