(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានស្នើឲ្យអ្នកវិនិយោគឡាវ វិនិយោគបន្ថែមលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍នៅប្រទេសកម្ពុជា ដើម្បីឲ្យប្រទេសទាំង២ មានការអភិវឌ្ឍរីកចម្រើនដូចគ្នា ខណៈប្រទេសទាំង២ មានវប្បធម៌ប្រពៃណីទំនៀមទម្លាប់ស្រដែងគ្នា និងមានភូមិផងរបងជាមួយគ្នាផងដែរនោះ។
លោក ឃួង ស្រេង បានស្នើបែបនេះខណៈជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយលោកបណ្ឌិត ស៊ីនឡាវង់ បូតដៃធូ Sinlavong Khoutphaythoune អភិបាលរដ្ឋធានីវៀងច័ន្ទ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោក ឃួង ស្រេង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺចង់ឲ្យមានសន្តិភាពនៅតាមព្រំដែន មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ មានសម្ព័ន្ធមេត្រីភាពជាមួយគ្នា រវាងខេត្ត និងខេត្ត ទីក្រុង និងទីក្រុង។ ក្នុងនាមប្រទេស ដែលមានវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ស្រដែងគ្នា និងមានភូមិផងរបងជាមួយគ្នា លោកចង់ឲ្យប្រទេសទីពីរ មានការអភិវឌ្ឍរីកចម្រើនដូចគ្នាទាំងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
អភិបាលរាជធានីភ្នំពេញ បានអះអាងថា ប្រទេសកម្ពុជាដោយសារសង្គ្រាមធ្វើឲ្យប្រទេសធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែដល់ពេលនេះ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន គឺបានធ្វើឲ្យប្រទេសទាំងមូល មានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្លា។
ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏មានបញ្ហាប្រឈមផងដែរ ពិសេសនៅក្នុងរាជធានីភ្នំពេញ មានបញ្ហាប្រឈមទៅលើបញ្ហាកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ដែលបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ ធ្វើការដោះស្រាយដោយបានធ្វើការអប់រំប្រជាពលរដ្ឋ ឲ្យបានយល់ដឹងពីច្បាប់ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងជំរុញឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍។
ចំណែកបញ្ហាសន្តិសុខ បញ្ហាគ្រឿងញៀន ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ជាការងារ ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ផងដែរ ដោយធ្វើយ៉ាងណាបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើររក្សា ឲ្យបាននូវបញ្ហាសន្តិសុខ ទប់ស្កាត់ឲ្យបាននូវបញ្ហាគ្រឿងញៀន ដែលជាបញ្ហាមួយប៉ះពាល់ធ្ងន់ធ្ងរ ដល់ស្រទាប់យុវជនដែលជាសរសរទ្រូងប្រទេសជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិត ស៊ីនឡាវង់ បូតដៃធូ បានលើកឡើងថា ការដែលលោកអញ្ជើញមករាជធានីភ្នំពេញនេះមានបំណងពីរ គឺទី១៖ ចូលរួមក្នុងកិច្ចប្រជុំ សមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) ដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ, ទី២៖ មានគោលបំណងមកជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអភិបាលរាជធានីភ្នំពេញ ដើម្បីរឹតចំណងមិត្តភាពសហប្រតិបត្តិការ ពិសេសការចងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងទីក្រុងវៀងច័ន្ទ ឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។
លោកបានបញ្ជាក់ទៀតថា រាជធានីភ្នំពេញ ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកោតសរសើរលោកថា ១០ឆ្នាំមុន និង១០ឆ្នាំ ចុងក្រោយនេះ ពិតជាខុសប្លែកគ្នាខ្លាំង ពោលពេលនេះរាជធានីភ្នំពេញ មានអាគារខ្ពស់ៗ មានអ្នកវិនិយោគទុនច្រើន ប្រជាពលរដ្ឋមើលទៅមានជីវភាពធូរធារជាងមុនខ្លាំង។
ទន្ទឹមនឹងការរីកចម្រើននេះ លោកអភិបាលទីក្រុងវៀងច័ន្ទ ក៏បានសុំឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងទីក្រុងភ្នំពេញ និងទីក្រុងវៀងច័ន្ទឲ្យបានច្រើន ដោយផ្ដោតលើការវិនិយោគទៅលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យទីក្រុងទាំងពីរ មានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាដូចគ្នា។ បន្ថែមពីលើនេះទៀត អភិបាលទីក្រុងវៀងច័ន្ទ ក៏បានស្នើឲ្យប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅទីក្រុងវៀងច័ន្ទ នាពេលឆាប់ៗនេះ។
ជុំវិញការស្នើសុំនេះ លោក ឃួង ស្រេង ក៏បានឯកភាពថា នឹងធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុងរៀងច័ន្ទ នៅក្នុងអំឡុងពេលមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ៕