(ក្រចេះ)៖ លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន សមាជិកក្រុមប្រឹក្សារណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងរាស្រ្ត និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ កងកម្លាំងប្រដាប់ទាំងបីប្រភេទ យុវជន សិស្សានសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រារព្ធពិធី នៅបរិវេណវិមាន២ធ្នូ ក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីរម្លឹកខួបទី ៤១ឆ្នាំ នៃការចាប់ផ្ដើមបង្កើតចលនាវាយផ្តួលរំលំកងទ័ពខ្មែរក្រហម នៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលផ្តើមចេញពីឃុំ២ធ្នូ។
ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ មកដល់ថ្ងៃ២ធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបទី៤១ឆ្នាំ នៃការចាប់ផ្ដើមបង្កើតចលនាវាយផ្តួលរំលំកងទ័ពខ្មែរក្រហម នៃរបបកម្ពុជាប្រជាធិបតេយ្យដោយកងទ័ពរណសិរ្យសាមគ្គី សង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្ននេះត្រូវបានប្តូរឈ្មោះមកជា «ក្រុមប្រឹក្សារណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» វិញ។ ដោយសារគុណូបការៈនេះហើយ បានធ្វើឲ្យស្មារតី ២ធ្នូ ក្លាយទៅជាថ្ងៃដែលនៅស្ថិតស្ថេរជាអមតៈក្នុងដួងចិត្តប្រជាជនកម្ពុជា ដែលជំរុញឲ្យយើងទាំងអស់គ្នាតែងតែប្រារព្ធទិវារម្លឹកខួបនេះ ជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ និងបានចាត់ទុកថ្ងៃ២ធ្នូ ជាថ្ងៃចាប់ផ្ដើមដ៏អស្ចារ្យក្នុងការផ្ដួលរំលំរបប ប៉ុល ពត។
លោក វ៉ា ថន បានថ្លែងថា «យើងទាំងអស់គ្នាបានចាត់ទុកស្មារតីនៃថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្យ២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឲ្យរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ ប៉ុន្តែរណសិរ្យ ២ធ្នូនៅ បានជួយប្រជាជនកម្ពុជាក្នុងការស្តារកសាង និងអភិវឌ្ឍន៍មាតុភូមិឲ្យមានការរីកចំរើន លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេសកម្ពុជាថែមទៀត។ ប្រជាជនកម្ពុជា ជាពិសេសយុវជនយើងជំនាន់ក្រោយ សុទ្ធតែយល់យ៉ាងច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្យ២ធ្នូ និងជ័យជំនះថ្ងៃ ៧ មករា នោះទេ យើងក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ ហើយនេះគឺជាសច្ចៈធម៌ប្រវត្តិសាស្ត្រ ដែលមិនអាចមានជនអគតិណា មកបំភ្លៃបានឡើយ»។
ក្នុងឱកាសនោះ លោក ពេជ្រ ប៊ុនធិន បានលើកឡើងថា ឆ្លងកាត់ដំណាក់កាលដ៏លំបាកជាជំហ៊ានៗ ឥស្សរជនជាន់ខ្ពស់ នៃគណបក្សប្រជាជនកម្ពុជា បានខិតខំជំនះរាល់ឧបសគ្គទាំងឡាយ ដើម្បីប្រែក្លាយមុខមាត់កម្ពុជា ពីប្រទេសដែលមានតែគំនរផេះផង់មកជាប្រទេសដែលពោរពេញដោយសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ និងបានជ្រោងទង់មោទនភា´ពជាតិឱ្យខ្ពស់ស្មើមុខ ស្មើមាត់ ប្រទេសនានានៅលើពិភពលោកទៀតផង។
លោកបន្ដថា ភាពអំណោយផលខាងនយោបាយនេះ បានផ្តល់ឱកាសឲ្យជនរួមជាតិ និងរាជរដ្ឋាភិបាលអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទ្រទ្រង់ដល់ការរីកចំរើនលើគ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ចថេរ ក្នុងរង្វង់៧% ជារៀងរាល់ឆ្នាំ។ ទន្ទឹមនេះដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់លុបបំបាត់នូវស្នាមបែកបាក់នៅក្នុងសង្គមជាតិធ្វើ ឲ្យធ្លុងមហាសាមគ្គីជាតិកាន់តែរឹងមាំឡើង ដើម្បីរួមគ្នាដឹកនាំ និងកសាងប្រទេសឲ្យបានរីកចំរើនថែមទៀត។
ជាចុងក្រោយតំណាងប្រជាពលរដ្ឋ បានបញ្ជាក់ពីគោលជំហរថា ដើម្បីជាសក្ខីភាព នៃការដឹងគុណចំពោះឥស្សរជន បុព្វការីជន និងរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា យើងទាំងអស់គ្នា ជាពិសេសយុវជនជំនាន់ក្រោយ ត្រូវលើកកំពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សាភ្ជាប់ជាមួយប្រជាជន បំរើប្រជាជនឱ្យអស់ពីកំលាំងកាយចិត្ត ដើម្បីអនុវត្តឲ្យបាន ជោគជ័យគោលដៅយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ប្រជាពលរដ្ឋបន្ដថា ត្រូវរួមសាមគ្គី គ្នាដើម្បីពន្យល់អប់រំដល់យុវជនជំនាន់ក្រោយឲ្យយល់ដឹង និងចងចាំជានិច្ចនូវគុណបំណាច់ថៃ្ង២ធ្នូ និងថៃ្ងជ័យជំនះ ៧មករា និងគុណបំណាច់របស់ឥស្សរជនយើង ដែលបានខិតខំធ្វើពលិកម្ម បូជា សាច់ស្រស់ ឈាមស្រស់ យកជីវិត ធ្វើជាដើមទុន ដើម្បីស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍដល់កូនចៅជំនាន់ក្រោយ ហើយយើងទាំងអស់គ្នាបានចាត់ទុកថា រណសិរ្យ២ធ្នូ និងថ្ងៃ ៧ មករា គឺជាថ្ងៃកំណើត ទី២របស់យើងទាំងអស់គ្នា៕