(រតនគិរី)៖ ដើម្បីជាការចូលរូមលើកកម្ពស់វិស័យយេឌ័រឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោកស្រី កែវ ចរិយា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តអនុសញ្ញាការលុបបំបាត់ រាល់ទម្រង់រើសអើងប្រឆាំងនឹងនារីភេទ (ស៊ី.ដ) និងអនុសាសន៍ ១១ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់មន្រ្តីរាជការមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន៥ខេត្ត រួមមាន៖ ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។
សិក្ខាសាលានេះដែរបានរៀបចំឡើងនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ នៅភោជនីដ្ឋានរតនៈលីណា ស្ថិតនៅក្នុងខេត្តរតនគិរី ដោយមានការចូលរួមពីលោកស្រី ញាណ ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី និងមានមន្ត្រីចូលរួមជាច្រើននាក់ទៀត សរុបប្រមាណជិត១០០នាក់។
លោកស្រី កែវ ចរិយា បានឱ្យដឹងថា តាមរយៈការផ្សព្វផ្សាយនេះ ក្រុមការងារគណៈកម្មារទទួលបន្ទុកយេនឌ័រក្រសួង បានធ្វើការផ្សព្វផ្សាយស្តីពីអនុសញ្ញាស្តីពីការ លុបបំបាត់ រាល់ទម្រង់រើសអើងប្រឆាំងនារីភាព និងអនុសាសន៍១១ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ ក្នុងវិស័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជាពុទ្ធិនិងការចែករំលែកនៃការយល់ដឹងសម្រាប់យកមកអនុវត្តន៍តាមតួនាទី និងភារកិច្ចរៀងៗខ្លួន។
លោកស្រីបានឲ្យដឹងទៀតថា បញ្ហាយេនឌ័រត្រូវបានរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានការគិតគូរខ្ពស់ និងយកចិត្តទុកដាក់បំផុត តាមរយៈការបង្កើតជាគោលគោលនយោបាយ យន្តការ លិខិតបទដ្ឋានផ្សេងៗ ក្នុងការផ្សព្វផ្សាយដល់គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ឲ្យមានការយល់ដឹង និងចូលរួមសហការ អនុវត្តឲ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕