(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល (Active People) ប្ដេជ្ញាពង្រីកឥណទានឲ្យបាន១០%នៅដើមឆ្នាំក្រោយ ខណៈឞច្ចុប្បន្នឥណទានជាប្រាក់រៀលសម្រេចបាន៤%ហើយ។
ការប្ដេជ្ញាពង្រាយការកម្ចីជាប្រាក់រៀលឲ្យបាន១០% របស់អាក់ទីវភីភល ធ្វើឡើង ដើម្បីតបតាមការណែនាំ របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលតម្រូវឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ផ្ដល់កម្ចីជាប្រាក់រៀលឲ្យ បានយ៉ាងតិច១០% នៃទំហំឥណទានសរុបរបស់ខ្លួន។
ក្នុងនោះ NBC បានប្រកាសថា៖« គ្រឹះស្ថានទាំងអស់ត្រូវមានឥណទានជារូបិយវត្ថុជាតិយ៉ាងតិច១០ % នៃសំពៀតឥណទានសរុប»។
លោក Tatsuhiro Kurihara អគ្គនាយកអាក់ទីវភីភល បានឲ្យដឹងថា «ចំពោះការប្រកាសរបស់ NBC ដែលតម្រូវឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្ដល់ឥណទានជាប្រាក់រៀល ដើម្បីជាការលើកតម្កើនលុយជាតិនេះ ខាងអាក់ទីវភីភល បានគោរពតាមបទបញ្ជា ហើយរហូតមកដល់ពេលនេះ បានផ្ដល់ឥណទានជាប្រាក់រៀលចំនួន៤% និងបន្ដផ្ដល់ឲ្យគ្រប់១០% នៅដើមឆ្នាំក្រោយ»។
លោកបញ្ជាក់ថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើរ ដោយកំណើនសេដ្ឋកិច្ចមានលំនឹងល្អ ដោយរក្សាបានចំនួន៧% កំណើនដ៏ល្អនៃ GDP បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានតម្រូវការកើនឡើង ការវិនិយោគកាន់តែល្អប្រសើរ៕