(ភ្នំពេញ)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសស្វាគមន៍ ចំពោះបណ្ដាវិនិយោគិនចិន ដែលមានបំណងចង់មកវិនិយោគ នៅគ្រប់វិស័យនៅកម្ពុជា។ ក្នុងនោះ រដ្ឋមន្រ្ដីបានប្រកាសស្វាគមន៍ ចំពោះក្រុមហ៊ុន ឆាយណា យូនីខម របស់ចិន ដែលបើកសម្ពោធជាផ្លូវការ នៅក្នុងប្រទេសកម្ពុជាផងដែរ។
មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ឆាយណា យូនីខម បានបង្កើតសាខានៅតាមបណ្តាប្រទេស និងតំបន់ដែលស្ថិតនៅក្នុងគម្រោង «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» ចំនួន១៣សាខាហើយ។
លោករដ្ឋមន្រ្ដីលើកឡើងថា ការវិនិយោគ និងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដោយក្រុមហ៊ុន ឆាយណា យូនីខម នៅក្នុងប្រទេសដែលស្ថិតតាមគម្រោង «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» បាននាំមកនូវសមិទ្ធផលយ៉ាងសំខាន់ មកលើការអភិវឌ្ឍន៍វិស័យ ទូរគមនាគមន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោករដ្ឋមន្រ្ដីបានជឿជាក់ថា សហប្រតិបត្តិការរវាងធុរកិច្ចកម្ពុជា និងចិន នឹងបន្តយ៉ាងជ្រាលជ្រៅ នាពេលអនាគតដោយនាំមក នូវសេវាកម្ម បណ្តាញ និងទូរគមនាគមន៍ ដែលផ្អែកលើ cloud-based ដែលមានគុណភាពខ្ពស់ មកកាន់ក្រុមហ៊ុនក្នុងប្រទេស និងវិនិយោគិនជនជាតិចិន ហើយលើសពីនេះទៅទៀត គឺការចូលរួមចំណែកបន្ថែមពី ក្រុមហ៊ុន ឆាយណា យូនីខម ក្នុងការជួយដល់ការអភិវឌ្ឍន៍នៃ ឌីជីថលកម្ពុជា នាពេលអនាគតផងដែរ។
លោក Meng ShuSen ប្រធានក្រុមហ៊ុន China Unicom Global ការបង្កើតក្រុមហ៊ុនកម្ពុជា ជាស្ពានមួយសម្រាប់ផ្តល់ព័ត៌មាន និងទំនាក់ទំនងទៅវិញទៅមក រវាងប្រទេសកម្ពុជា និងប្រទេសចិន។ ក្រុមហ៊ុន ឆាយណា យូនីខម ប្រកាន់ខ្ជាប់នូវមនោគមវិជ្ជា នៃប្រតិបត្តិការធុរកិច្ចក្នុងប្រទេស ក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ និងរឹតបណ្តឹងសហប្រតិបត្តិការ ជាមួយធុរកិច្ចកម្ពុជា ដើម្បីអភិវឌ្ឍន៍ទីផ្សារទូរគមនាគមន៍ក្នុងប្រទេស តាមរយៈការបង្កើតក្រុមហ៊ុនកម្ពុជា ដោយនាំមកនូវសេវាកម្មមកកាន់សង្គម និងប្រជាជនកម្ពុជា។
លោកបានបន្ដថា ក្រុមហ៊ុនក៏សង្ឃឹមថា ការផ្តួចផ្តើមរបស់ក្រុមហ៊ុន មិនត្រឹមតែផ្តល់សេវាកម្មទូរគមនាគមន៍ ដែលគុណភាពនោះឡើយ ប៉ុន្តែការផ្តួចផ្តើមនេះក៏នឹងជួយ សហគ្រាសនៅកម្ពុជា ក្នុងការវិនិយោគទៅក្នុងប្រទេសចិនផងដែរ។ ដូច្នេះនឹងបង្កើតបានជា សហប្រតិបត្តិការដែលរឹងមាំ និងមានអត្ថប្រយោជន៍ ដែលជាការបន្ថែមអត្ថន័យទៅលើគម្រោង ផ្លូវមួយខ្សែក្រវ៉ាត់មួយផងដែរ។
លោកបន្ថែមថា ក្រុមហ៊ុន ឆាយណា យូនីខម នៅតែបន្តពន្លឿននូវការអភិវឌ្ឍន៍ លើទីផ្សារអន្តរជាតិ ដោយបង្ហាញពីភាពរឹងមាំ របស់បណ្តាញសេវាកម្មរបស់ខ្លួន នៅលើសកលលោក និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដែលនេះបង្កើតបានជាផ្លូវ រចនាសម្ព័ន្ធទូរគមនាគមន៍ ក្នុងប្រទេស និងតំបន់ដែលស្ថិតក្នុងគម្រោង ផ្លូវមួយខ្សែក្រវ៉ាត់មួយ។
លោក Meng ShuSen បានបញ្ជាក់ថា គិតត្រឹមថ្ងៃនេះក្រុមហ៊ុន ឆាយណា យូនីខម បានចូលរួមក្នុងការសាងសង់ និងការកាន់កាប់លើគម្រោង បណ្តាញខ្សែទូរស័ព្ទជាង២០គម្រោង និងគម្រោងបណ្តាញ ក្រោមបាតសមុទ្រជាង៣០គម្រោងទូទាំងពិភពលោក។ ក្រុមហ៊ុន ឆាយណា យូនីខម ក៏បានកាន់កាប់ ចំណុចចូលប្រើ (Point of Presence-PoP) ជាង៨០ចំណុចទូទាំងពិភពលោក ដោយធ្វើការយ៉ាងជិតស្និត ជាមួយធុរកិច្ចអន្តរជាតិ និងក្រុមហ៊ុនផ្តល់សេវាកម្មបណ្តាញ ក្នុងការផ្តល់បណ្តាញខ្លោដ ដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំង ព័ត៌មានដែលបានរួមបញ្ចូល និងព័ត៌មានទូលំទូលាយ និងសេវាកម្មទំនាក់ទំនងទូទាំងពិភពលោក ជាពិសេសសម្រាប់សហគ្រាស ក្នុងតំបន់អាស៊ីអាគ្នេយ៍៕