(សៀមរាប)៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ សនិ្នសីទអាស៊ី-ប៉ាស៊ីហ្វិក របស់សមាគមផ្តល់សេវាការងារសាធារណៈ ពិភពលោក ក្រោមប្រធានបទ ឌីជីថលនីយកម្ម ក្នុងសេវាការងារសាធារណៈ (Digitalization in Public Employment Services) ត្រូវបានបើកជាផ្លូវការនៅសណ្ឋាគារ សូហ្វីតែលអង្គរ ភូគីត្រា ក្នុងទឹកដីអង្គរខេត្តសៀមរាប ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ ដោយមានអ្នកចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាតិ និង អន្តរជាតិ ប្រមាណ៤០០នាក់។
ក្នុងរយៈពេល២ថ្ងៃនៃសន្និសីទថា្នក់តំបន់នេះ ក៏មានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ពីអ្នកឯកទេសផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៃសេវាការងារ សាធារណៈ អ្នកស្រាវជ្រាវអ្នករៀបចំគោលនយោបាយ និងមន្រ្តីផ្នែកផ្តល់សេវាការងារសាធារណៈ ដែលអញ្ជើញមកពីបណ្តាលប្រទេសជាសមាជិកចំនួន១២ នៅទូទាំងពិភពលោក។
ថ្លែងក្នុងសនិ្នសីទនេះលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សន្និសីទអាស៊ី-ប៉ាស៊ីហ្វិកនេះ ត្រូវបានធ្វើឡើង ត្រូវចំកាលៈទេសៈព្រមទាំងមានសារៈប្រយោជន៍ខ្លាំងណាស់ ដោយបានផ្តល់ជាឱកាសដ៏មានតម្លៃសម្រាប់ប្រទេសសមាជិកទាំងអស់ចែករំលែក ស្វែងយល់ និងដកស្រង់ យកចំណេះដឹងបទពិសោធន៍ និងការអនុវត្តល្អក្នុងការសិក្សានឹងការចាប់យកមកប្រើប្រាស់នូវបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងពេលអនាគត សម្រាប់ជំរុញការ ធ្វើឌីជីថលនីយកម្ម ព្រមទាំងបំព្រួញគម្លាតនៃការអភិវឌ្ឍសេវាការងារសាធារណៈ ក្នុងចំណោមប្រទេសសមាជិករបស់ WAPES ជាពិសេសសម្រាប់ប្រទេសដែលទើប បានចាប់ផ្តើមអភិវឌ្ឍសេវាការងារសាធារណៈដូចជាកម្ពុជា ក្នុងការខិតខំធ្វើដំណើរឈានទៅសម្រេចជោគជ័យនូវគោលដៅចុងក្រោយ គឺការប្រែក្លាយទៅជាសេវាការងារ សាធារណៈឌីជីថលពេញលេញ។
លោកបណ្ឌិត អ៉ិត សំហេង បានបញ្ជាក់ទៀតថា ការរៀបចំឡើងនូវសន្និសីទនាថ្ងៃនេះក៏បានឆ្លុះបញ្ចាំងឱ្យឃើញជាថ្មីម្តងទៀត អំពីតួនាទីកាន់តែសំខាន់ចាំបាច់របស់ WAPES នៅលើឆាកអន្តរជាតិ ក្នុងការបង្កើតជាវេទិកាសម្រាប់ការសិក្សា និងការកសាងចំណេះដឹង និងផ្តល់ការគាំទ្រដល់សមាជិកក្នុងការបង្កើនជំនាញ។ កម្ពុជាប្តេជ្ញាបន្ត ចូលរួមផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រតាមលទ្ធភាពដល់រាល់សកម្មភាពរបស់ WAPES ក្នុងការឈានទៅសម្រេចបានជោគជ័យនូវគោលដៅរបស់ខ្លួននេះ។
លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ដោយសារកម្ពុជាទើបតែបានបង្កើតសេវាការងារសាធារណៈក្នុងឆ្នាំ២០០៩ ដូច្នេះការអភិវឌ្ឍប្រព័ន្ធផ្តល់សេវា ដែលមានភាពប្រទាក់ក្រឡា និងការធ្វើស្វ័យប្រវត្តិកម្ម ដោយការប្រើប្រាស់បច្ចេកវិទ្យានៅមានកម្រិតទាបនៅឡើយ។
ក្នុងន័យនេះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងបន្តខិតខំអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងលឿននៃរចនាសម្ព័ន្ធប្រជាសាស្រ្ត សេដ្ឋកិច្ច និងទីផ្សារការងារ ព្រមទាំងការទាមទារកាន់តែខ្ពស់ឡើងរបស់ប្រជាពលរដ្ឋ នូវសេវាកាន់តែមានគុណភាព ការឆ្លើយតបបានឆាប់រហ័សប្រកបដោយសមធម៌ និងមានតម្លាភាព។
គួរបញ្ជាក់់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាសមាជិកថ្មីមួយក្នុងចំណោមសមាជិកចំនួន១២ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់សមាគមពិភពលោកនៃសេវាការងារសាធារណៈ (WAPES) ដែលមានសមាជិកសរុបចំនួន៨២។
ការរៀបចំសន្និសីទនេះគឺជាវេទិកា ដែលផ្តល់នូវកាលានុវត្តភាព ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អពាក់ព័ន្ធការផ្តល់សេវាការងារសាធារណៈ ក្នុងចំណោមរដ្ឋសមាជិក ដែលមានការអភិវឌ្ឍខ្លាំងក្លាលើការផ្តល់សេវាការងារ តាមប្រព័ន្ធឌីជីថលព្រមទាំងការបង្ហាញ ពីករណីសិក្សានៃការចាប់ផ្តើម ស្រូបយកបច្ចេកវិទ្យាឌីជីថល ចូលក្នុងការផ្តល់ សេវាការងាររបស់រដ្ឋ ជាសមាជិកថ្មីដូចជាកម្ពុជា៕