(ភ្នំពេញ)៖ លោកស្រី អែនជែលឡា ខកខូរិន (Angela Corcoran) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិការងារពីប្រទេសកម្ពុជាក្នុងពេលខាងមុខដ៏ខ្លីនេះ បានបង្ហាញការស្ញប់ស្ញែងចំពោះការរីកមច្រើននៅកម្ពុជា និងបានអះអាងថា រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរថែមទៀត។
ការបញ្ជាក់របស់លោកស្រី អែនជែលឡា ខកខូរិន បានធ្វើឡើងក្នុងពេលលោកស្រីអញ្ជើញចូលជួបជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះនៅវិមានសន្តិភាព។
យោងតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនាព្រឹកមិញនេះ លោកស្រីឯកអគ្គរដ្ឋទូតចប់អាណត្តិ អែនជែលឡា ខកខូរិន បានរំលឹកថា លោកស្រី ធ្លាប់បានមកកម្ពុជាក្នុងអំឡុងឆ្នាំ១៩៩៣ និង១៩៩៤ ដែលពេលនោះរាជធានីភ្នំពេញ ជាតំបន់រហោឋានមួយ។
ប៉ុន្តែរាជធានីភ្នំពេញនាពេលបច្ចុប្បន្នក្នុងកែវភ្នែករបស់លោកស្រី ជារាជធានីមួយស្រស់បំព្រង មានការអភិវឌ្ឍ រីកចម្រើនជឿនលឿនដែលនឹកស្មានមិនដល់នោះឡើយ។ នេះជាការលើកឡើងរបស់លោកស្រី អែនជែលឡា ខកខូរិន ហើយត្រូវបានដកស្រង់សម្តីមកបញ្ជាក់បន្ថែមដោយលោក អ៊ាង សុផល្លែត។
ក្រៅពីសរសើរដល់ភាពរីកចម្រើនរបស់កម្ពុជាហើយនោះ លោកស្រី អែនជែលឡា ខកខូរិន ក៏បានបង្ហាញភាពរីករាយផងដែរ ដែលប្រទេសអូស្ត្រាលីរបស់លោកស្រី បានក្លាយទៅជាប្រទេសមួយបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជាឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
លោកស្រីឯកអគ្គរដ្ឋទូតចប់អាណត្តិការងារនៅកម្ពុជារូបនេះ ក៏បានអះអាង និងគូសបញ្ជាក់ដែរថា ប្រទេសអូស្ត្រាលី ក៏ដូចជារដ្ឋាភិបាលអូស្ត្រាលី បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយធ្វើឱ្យពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា កាន់តែរឹងមាំ និងធំធាត់ថែមទៀត។ អូស្ត្រាលី ក៏ត្រៀមរួចជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជាពិសេសរវាងយុវជន និងយុវជននៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកស្រី អែនជែលឡា ខកខូរិន ដែលក្នុងបេសកកម្មការងារនៅប្រទេសកម្ពុជា បានរួមចំណែកយ៉ាងច្រើនធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្សេងៗរវាងកម្ពុជា និងអូស្ត្រាលី។ ជាពិសេសលោកស្រី បានជំរុញឱ្យមានកិច្ចប្រជុំកំពូលនៅប្រទេសអូស្ត្រាលី, ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់យុវជន និងជំរុញឱ្យមានការនាំចូលទំនិញរហូតដល់ទៅជាង៩៧ភាគរយ ពីកម្ពុជា ទៅអូស្ត្រាលីជាដើម។
សម្តេចតេជោ បានលើកឡើងថា តាមរយៈទំនាក់ទំនងដ៏ល្អនេះ គឺជាមូលដ្ឋានដ៏ល្អមួយអាចលើកស្ទួយទំនាក់ទំនងរវាងប្រទេសទាំងបន្ថែមទៀត តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណអូស្ត្រាលី ដែលតែងតែជួយដល់ប្រទេសកម្ពុជា។ ដូចជាការជួយបង្កើតវិទ្យាស្ថានស្រាវជ្រាវលើវិស័យកសិកម្មជាដើម។
សូមបញ្ជាក់ថា ក្នុងជំនួបជម្រាបលាពីការងារនៅកម្ពុជានាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបំពាក់គ្រឿងឥស្សរិយយសជូនលោកស្រី អែនជែលឡា ខកខូរិន ផងដែរ ដើម្បីជាការអរគុណចំពោះលោកស្រី ដែលបានជ្រោមជ្រែងជួយដល់កម្ពុជា៕