(ភ្នំពេញ)៖ ដើម្បីជួយលើកកម្ពស់ការយល់ដឹងបន្ថែម អំពីសារៈសំខាន់នៃសេវាធានារ៉ាប់រងអាយុជីវិត និងជម្រុញការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និស្សិតមហាវិទ្យាល័យអក្សរសាស្ត្រខ្មែរ និងភាសាវិទ្យា ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រកួតប្រជែងសំណេរជាភាសាខ្មែរ ដែលរៀបចំឡើងដោយ ក្រុមហ៊ុនព្រូដិនសលកម្ពុជា សហការជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្នុងចំណោមអត្ថបទទាំង៤៨ មានអត្ថបទចំនួន៣ ត្រូវបានជ្រើសរើសដោយគណៈកម្មការវិនិច្ឆ័យ ដែលជាក្រុមសាស្ត្រាចារ្យ បុគ្គលិក និងអតិថិជនរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។
លោក David Nutman អគ្គនាយក ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានថ្លែងថា លោកមានមោទនភាពដែលបានធ្វើការជាមួយស្ថាប័នសិក្សាចំណាស់ជាងគេ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា។
លោក Nutman បានបន្តថា «ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា ព្រូដិនសលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំចូលរួមចំណែកក្នុងការអភិវឌ្ឍជាវិជ្ជមានក្នុងការថែទាំសុខភាព វិស័យអប់រំ និងសុខុមាលភាពសង្គម។ វប្បធម៌ និងភាសាមានឥទ្ធិពលលើជីវិតនិងការស់នៅរបស់យើង តាមរយៈមធ្យោបាយជាច្រើន ហើយវប្បធម៌ និងភាសាក៏ជះឥទ្ធិពលលើផ្នត់គំនិត សកម្មភាព ការទំនាក់ទំនង និងទម្លាប់របស់យើងផងដែរ»។
ទន្ទឹមនឹងនេះ ការអប់រំផ្តល់ឱ្យយើងមិនត្រឹមតែជំនាញ និងចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់វិធីប្រើចំណេះដឹង និងជំនាញ ដើម្បីចូលរួមធ្វើឱ្យពិភពលោកឱ្យកាន់តែប្រសើរឡើង តាមរយៈការជួយគាំទ្រដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍របស់យើង។
ម្ចាស់ជយលាភីអត្ថបទទាំង ៣រូប ទទួលបានកុំព្យូទ័រយួរដៃ គម្ពី (Koompi) ម្នាក់មួយគ្រឿង ព្រមទាំងទទួលបានទឹកប្រាក់រង្វាន់បន្ថែមចំនួន ១លានរៀល សម្រាប់ជយលាភីទីមួយ៨ សែនរៀល សម្រាប់ជ័យលាភីទីពីរ និង ៦សែនរៀល សម្រាប់ជ័យលាភីទីបី។
និស្សិតអក្សរសាស្ត្រខ្មែរឆ្នាំទី៣ និងជាជយលាភីលេខមួយ ឈ្មោះ សេក ធីតា បានឱ្យដឹងថា «ខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់ ដែលទទួលបានជ័យលាភីលេខមួយ ហើយកម្មវិធីសំណេរតែសេចក្ដីនេះផ្ដល់ឱកាសច្រើនដល់ខ្ញុំ និងនិស្សិតអក្សរសាស្ត្រខ្មែរ ដើម្បីរំឮកមេរៀនឡើងវិញ។ ខ្ញុំសូមអំណរគុណដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលបានរៀបចំកម្មវិធីសំណេរតែសេចក្ដីនេះឡើង»។
លោក អ៊ិន មាត្រា ប្រធាននាយកដ្ឋានធានារ៉ាប់រង និងសោធន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាំទ្រពេញទំហឹងនូវគំនិតផ្តួចផ្តើម ដើម្បីជួយលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់ភាសាខ្មែរ។
លោក មាត្រា បានថា៖ «វិស័យធានារ៉ាប់រងគឺជាផ្នែកមួយនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសយើង … វិស័យធានារ៉ាប់រងអាយុជីវិតផ្តល់នូវចំណុចពិសេសពីរគឺ ការសន្សំ និង ការការពារ។ ដោយសារតែសេដ្ឋកិច្ចជាតិយើងល្អមានការងារជាច្រើនសម្រាប់និស្សិត ហើយវិស័យអាជីវកម្មទាំងអស់មានភាពប្រសើរឡើង»។
ជាមួយគ្នានោះ សូមថ្លែងអំណរគុណដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានផ្ដល់ឱកាសដល់ក្រុមហ៊ុនធានារ៉ាប់រង (ព្រូដិនសលកម្ពុជា) ចូលរួមចែករំលែកចំណេះដឹងដល់ និស្សិត និងលើកទឹកចិត្តពួកគាត់ឱ្យពិចារណាក្នុងការជ្រើសរើស ការងារក្នុងវិស័យធានារ៉ាប់រង និងការងារសង្គមទាក់ទងនឹងធានារ៉ាប់រង ដើម្បីឱ្យផ្នែកធានារ៉ាប់រងមានការរីកចម្រើន។
ក្នុងរយៈពេល៦ឆ្នាំ ចាប់តាំងពី ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានផ្តល់សេវាធានារ៉ាប់រងអាយុជីវិតលើកដំបូងនៅកម្ពុជា ក្រុមហ៊ុនបានផ្តួចផ្តើមកម្មវិធីជាច្រើន ដើម្បីគាំទ្រវិស័យរអប់រំ និងភាសាខ្មែរ។
ក្រុមហ៊ុនព្រូដិនសល បានដាក់ឱ្យដំណើរការកម្មវិធីអប់រំជាច្រើនរួមមាន កម្មវិធី ឆា-ឈីង (Cha-Ching) ដែលជាកម្មវិធីបណ្តុះប្រាជ្ញាផ្នែកហិរញ្ញវត្ថុសម្រាប់កុមារ ការអប់រំអំពី វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ហៅកាត់ថា STEM នៅខេត្តបាត់ដំបង សៀមរាប កំពង់ចាម និងរាជធានីភ្នំពេញ និងកម្មវិធីអំណានដំបូង (First Read) ជាមួយអង្គការ Save the Children ដើម្បីជួយកុមារតូចៗទទួលបានជំនាញក្នុងការអានសៀវភៅតាំងពួកគេនៅក្មេង៕