(សៀមរាប)៖ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំវេទិកាសកល ស្ដីពីអាហារូបត្ថម្ភកុមារ លើកទី២១ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ដោយសហការជាមួយ Global Child Nutrition Foundation (GCNF) និង World Food Progamme Centre of Excellence against Hunger (WFPCoF)។
វេទិកានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋមន្ដ្រី និងមន្ដ្រីអប់រំ ដៃគូអភិវឌ្ឍមកពីប្រទេសចំនួន៦០ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
វេទិកាសកល ស្ដីពីអាហារូបត្ថម្ភកុមារ លើកទី២១ ត្រូវបានរៀបចំឡើង ដើម្បីជាវេទិកាចែករំលែកបទពិសោធន៍ ក្នុងការអនុវត្ត បញ្ហាប្រឈម និងឧត្តមានុវត្ត នៃកម្មវិធីផ្តល់អាហារនៅសាលារៀន។
វេទិកានៅឆ្នាំ២០១៩នេះ ជាកាលានុវត្តភាពមួយសម្រាប់ប្រទេស ដែលបានចូលរួមអាចផ្តោតការយកចិត្តទុក ដាក់លើបទពិសោធន៍ នៃការអនុវត្តកម្មវិធី ផ្តល់អាហារនៅសាលារៀន ក្នុងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តការបង្កើនភាពជាម្ចាស់នៃប្រទេស លើហិរញ្ញប្បទាន និងការប្រតិស្ឋានកម្មវិធីនេះ នៅក្នុងប្រព័ន្ធអប់រំជាតិ និងការគាំពារសង្គម ប្រកបដោយគោលនយោបាយស៊ីជម្រៅ បរិយាបន្ន និងនិរន្តរភាព៕