(ស្វាយរៀង)៖ លោក ចាន់ កុលបុត្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងទៅកាន់ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដោយបានបញ្ជាក់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ទេនោះ យើងក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ» ដែលកូនខ្មែរជំនាន់ក្រោយ ត្រូវតែឈ្វេងយល់និងចងចាំ។
ការថ្លែងលើកឡើងបែបនេះ នៅក្នុងឱកាសដែលលោក ចាន់ កុលបុត្រ អញ្ជើញចូលរួមនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ធ្នូ១៩៧៨ -០២ធ្នូ២០១៩ )នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅស្នាក់ការគណបក្សឃុំពងទឹក។
លោក ចាន់កុល បុត្រ បន្ទាប់ពីបានអានសុន្ទរកថារបស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្លែងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤១នេះ រួចមក, លោកបានក៏បានថ្លែងនូវការផ្តាំផ្ញើរ និងការសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់អង្គពិធីផងដែរ។
លោក ចាន់ កុលបុត្រ បានបញ្ជាក់ថា ២ធ្នូ ឆ្នាំ១៩៧៨ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។
ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះ ដ៏ត្រចះត្រចង់នាថ្ងៃ៧មករា ឆ្នាំ១៩៧៩។
លោកថ្លែងថា មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើង ក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ។
លោកបានបន្តថា បច្ចុប្បន្នប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខដុមរមនា ក្នុងសន្ដិភាព សេរីភាព និងសន្ដិសុខ ដ៏ប្រសើរ ហើយកំពុងតែរួមសាមគ្គីគ្នាឈានទៅមុខ លើមាគ៌ា នៃការអភិវឌ្ឍ ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលទាំងឡាយដែលសមេ្រចបានកន្លងមក។ ជាពិសេសជោគជ័យលើគ្រប់វិស័យក្នុងឆ្នាំ២០១៩នេះ បានពង្រឹងថែមទៀតនូវមូលដ្ឋានគ្រឹះ សម្រាប់បន្ដការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
លោក ចាន់ កុលបុត្រ បានថ្លែងផ្តាំផ្ញើរដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រដើម្បីក្រេបយកចំណេះវិជ្ជា និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន៕