(ភ្នំពេញ)៖ ដើម្បីទទួលបានគុណភាព និងទិន្នន័យប្រមានប្រសិទ្ធភាព ក្រសួងសាធារ ណការ និងដឹកជញ្ជួន បានបើកសិក្ខាសាលាស្តីពីការពង្រឹងគុណភាព ការប្រមូលទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងឡេីង ក្នុងសិក្ខាសាលានាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះថាការរៀបចំសិក្ខាសាលានេះឡើង ដើម្បីលើកកម្ពស់ការយល់ដឹង អំពីការស្រង់ ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យកាន់តែមានប្រសិទ្ធភាពភាពបន្ថែមទៀត។
លោកបន្តថាស្ថានភាពគ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្ន មាននិន្នាការកើនឡើងនៃការស្លាប់ និងរបួសដែលបង្កឡើងដោយសារការបើកបរលើសល្បឿនកំណត់ ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរក្រោម ឥទ្ធិពលគ្រឿងស្រវឹងជាដើម។ល។ ដែលជាហេតុនាំឱ្យមានការកើនឡើងនូវកូនកំព្រា ស្ដ្រីមេម៉ាយ ជនពិការ សោកនាដកម្មផ្សេងៗ និងផលវិបាកជាច្រើននៅក្នុងសង្គមកម្ពុជា។ ដូចនេះដើម្បីចូលរួមកាត់បន្ថយនូ វគ្រោះថ្នាក់ចរាចរណ៍ គឺទាមទាជាចាំបាច់នូវផែនការសកម្មភាពដែលមានប្រសិទ្ធភាព និងសមស្របទៅតាមស្ថានភាពនៃគ្រោះថ្នាក់ ហើយទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ដែលមានគុណភាព ជាធាតុចូលយ៉ាងសំខាន់ក្នុងការកសាងផែនការសកម្មភាពដែលមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀតយើងក៏អាចតាមដាន និងព្យាករណ៍នូវស្ថានភាពគ្រោះថ្នាក់ ក៏ដូចជាប្រសិទ្ធភាព នៃផែនការដែលបានដាក់ ចេញតាមរយៈទិន្នន័យដ៏មានសារៈសំខាន់នេះផងដែរ។
លោកក៏បានបញ្ជាក់ថា៖ «ខ្ញុំសូមស្នើសុំដល់សមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងមូល ចូលរួមឱ្យបានផុសផុលក្នុងការពិភាក្សា ដើម្បីជម្រុញឱ្យការស្រង់ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូ វកាន់តែប្រសើរឡើង»។
ក្នុងឱកាសនេះដែរ លោក ប៉ែន បុរាណក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNDP ដែលបានជួយឧបត្ថម្ភក្នុងការរៀបចំសិក្ខាសាលាដ៏មានសារសំខាន់។ សកម្មភាពនេះ បង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបថាសិក្ខាសាលារៀបចំឡើងដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមការជួយឧបត្ថម្ភរបស់អង្គការ UNDP៕