(ភ្នំពេញ)៖ អ្នកជំនួញស្រ្ដីលើវិស័យអនឡាញ បានគាំទ្រចំពោះការបង្កើតឲ្យមានច្បាប់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (ប្រព័ន្ធអនឡាញ) ដោយចាត់ទុកថា ច្បាប់នេះ នឹងរួមចំណែកជួយដល់អ្នករកស៊ី ពិសេសបង្កើនសុវត្ថិភាពដល់អតិថិជនដែលប្រើប្រាស់។
អ្នកស្រី សាន សុខខេង អគ្គនាយិកាក្រុមហ៊ុន HKPL Trading Co. LTD ដែលជាក្រុមហ៊ុនចែកចាយគ្រឿងសំអាង ដ៏ធំនៅក្នុងប្រទេសកម្ពុជា បាននិយាយថា ការបង្កើតឲ្យមានច្បាប់តាមប្រព័ន្ធអេឡិចត្រូនិកនេះ នឹងចូលរួមជួយយ៉ាងច្រើន ដល់អ្នករកស៊ីលើវិស័យនេះ ពិសេសបង្កើនគុណភាព ដល់អ្នកប្រើប្រាស់។
ការលើកឡើងរបស់អគ្គនាយិការរូបនេះ ធ្វើឡើងក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) រវាងក្រុមហ៊ុន Vega Natural Co.,Ltd និងក្រុមហ៊ុន HKPL Trading Co., Ltd ក្នុងការនាំចូលផលិផល មកចែកចាយនៅកម្ពុជា។
អ្នកស្រីលើកឡើងថា «ជារឿងល្អនៅពេលមានច្បាប់ អាជីវកម្មអនឡាញនេះ នេះក៏ជារឿងល្អ សម្រាប់ក្រុមហ៊ុននាងខ្ញុំ ដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ មួយវិញទៀតល្អបំផុត សម្រាបអតិថិជន ដែលជាវយកទៅប្រើប្រាស់ ដោយទទួលបានគុណភាពពិតប្រាកដ»។
អ្នកស្រីបន្ថែមថា «នៅពេលច្បាប់នេះចេញជាផ្លូវការ ជារឿងល្អសម្រាប់អ្នករកស៊ីដូចជាពួកខ្ញុំ ពិសេសអ្នករកស៊ីដែលមានក្រុមហ៊ុនត្រឹមត្រូវ និងច្បាស់លាស ពិសេសអតិថិជនជាវយកប្រើប្រាស់ គឺមានភាពកក់ក្ដៅ ព្រោះថាបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនបានយល់ដឹងនោះឡើយ ថាផលិតផលខ្លះមានការចុះបញ្ជីតាមផ្លូវច្បាប់ ឬអត់ ប៉ុន្ដែពេលមានច្បាប់នេះឡើង គ្រប់ផលិតផលទាំងអស់ នឹងមានការចុះបញ្ជីត្រឹមត្រូវ»៕