(ភ្នំពេញ)៖ បន្ទាប់ពីលោក មិកាមិ ម៉ាស្សាហិរូ (Mr. MIKAMI Masahiro) ឯកអគ្គរាជូតទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្ហោះសារអមដោយរូបភាពមួយសន្លឹក ដែលលោកថតជាមួយនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរ លោកទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនខ្មែរជាច្រើន។
Facebook របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហោះរូបថត និងខ្លឹមសារដើមរបស់លោកឯកអគ្គរាជទូត ដែលមានទាំងជាភាសាខ្មែរ យ៉ាងដូច្នេះថា៖ «អរុណសួស្តី ជាមួយសម្លៀកបំពាក់ប្រពៃណីខ្មែរ លើកដំបូងរបស់ខ្ញុំ! តើលោក លោកស្រី យល់យ៉ាងណាដែរ? រីករាយដើមសប្តាហ៍ និងសូមមានសំណាងល្អ»។
សកម្មភាពរបស់លោក មិកាមិ ម៉ាស្សាហិរូ ធ្វើឲ្យប្រជាជនកម្ពុជា ដែលនិយមប្រើប្រាស់បណ្តាញសង្គម Facebook ចូលទៅដាក់វិចារ (Comment) ដោយសម្តែងការគោរព និងកោតសរសើរ ចំពោះលោកដែលតំណាងប្រទេសជប៉ុន ដោយគ្រាន់តែជាជាតិសាសន៍ដទៃ តែបានផ្តល់នូវតម្លៃយ៉ាងខ្លាំងដល់វប្បធម៌ និងប្រពៃណីរបស់ប្រទេសកម្ពុជា។
អ្នកប្រើប្រាស់ Facebook មួយរូបឈ្មោះ Hong Kolab បានសរសេរថា៖ «ជំរាបសួរ ឯកឧត្តម ក្នុងនាមនាងខ្ញុំជាកូនខ្មែរសូមអរគុណឯកឧត្តម ដែលបានចូលរួមលើកតម្កើងវប្បធម៌ខ្មែរទាំងផ្នែក សម្លៀកបំពាក់ ភាសា និងវិស័យផ្សេងៗ។ ព្រឹកមិញឯកឧត្តមនិយាយខ្មែរបានល្អណាស់»។
អ្នកប្រើប្រាស់ Facebook មួយរូបទៀតឈ្មោះ Sopheak Neang បានសរសេរថា «វាពិតជារំលេចនៅសម្រស់ដ៏ស្រស់បម្រង ខ្ញុំពិតសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះការខិតខំប្រឹងប្រែងជួយ លើកស្ទួយស្ទើរគ្រប់វិស័យដល់កម្ពុជា។ សូមវត្ថុស័ក្ដសិទ្ធទាំងឡាយជួយដល់ប្រទេសជប៉ុន ប្រជាពលរដ្ឋទាំងអស់រស់នៅប្រកបដោយសុខសុវត្ថិភាព សុភម្គល ជានិរន្តរ៍»។
ឈ្មោះ Sopheak Serei បានសរសេរថា «ល្អណាស់លោកទូត។ អរគុណណាស់សម្រាប់ការស្រឡាញ់ និងជួយលើតម្កើងវប្បធម៌ខ្មែរ»។
ឈ្មោះ Yin Phalleap បានសរសេរថា «ស្អាត ហើយសង្ហារណាស់ ឯ.ឧ។ អរគុណចំពោះការគាំទ្រប្រពៃណីខ្មែរ»។
ឈ្មោះ Rith Doe បានសរសេរថា «សង្ហារ! មើលទៅដូចជាខ្មែរដែរ។ អរគុណសម្រាប់ការចូលចិត្ត និងស្លៀកពាក់។ បើមានលទ្ធភាពខ្ញុំនឹងស្លៀកពាក់ សម្លៀកបំពាក់ប្រពៃណី សម្រាប់ចូលរួមកម្មវិធីរបស់ជប៉ុនដែរ»។
ឈ្មោះ Sun Sophal បានសរសេរថា «ពិតជាស្រស់ស្អាតសង្ហារ និងសក្តិសមជាមន្ត្រីការទូតដ៏ល្អ គួរឲ្យគោរពស្រលាញ់បំផុតសម្រាប់ពលរដ្ឋកម្ពុជា ដែលលោកទូតជាជនជាតិជប៉ុន តែបានឲ្យតម្លៃវប្បធម៌ និងប្រពៃណីខ្មែរបែបនេះ គឺជាមោទនភាពបំផុត»។
Facebook ដែលមានរូបជាព្រះសង្ឈ ព្រះនាម Sou Dara បានសរសេរសារដែរថា «សូមអរគុណលោកអគ្គរាជទូតជប៉ុន ដែលបានលើកតម្កើងតម្លៃឯកសណ្ឋានខ្មែរ។ សូមលោកអគ្គរាជទូត បានសុខសប្បាយជានិច្ច»។
ឈ្មោះ Sophal Ngoun បានចូលដាក់វិចារថា «ការស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ខ្មែរ ជាការប្រពៃណាស់ដែលឯកឧត្តម បានជួយលើកតម្កើងប្រពៃណីវប្បធម៌ខ្មែរ ទាំងលើឆាកអន្តរជាតិក៏ដូចបង្ហាញដល់ប្រជាជនប្រទេសជប៉ុនផងដែរ»។