(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) រួមជាមួយរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល បានរៀបចំពិធីអបអរសាទរទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ០១ធ្នូ ឆ្នាំ២០១៩ នាល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដើម្បីអំពាវនាវសារជាថ្មីដល់ថ្នាក់ ដឹកនាំទូទាំងពិភពលោកបន្ត «រក្សាសន្យា» ដល់មនុស្សដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍។
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០១៩ មានប្រទេសចំនួន៤៣ ដែលអង្គការ AHF កំពុងធ្វើប្រតិបត្តិការបានធ្វើការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីផ្សេងៗ ពេញមួយសប្តាហ៍ ដើម្បីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះដោយមាននូវការប្រគំតន្ត្រីឥតគិតថ្លៃ ការប្រកួតកីឡា ការសម្តែង និងសកម្មភាពផ្សេងៗ រួមមានការដើរព្យុះហយាត្រា និងការដង្ហែក្បួន ការបង្ហាញម៉ូត និងសកម្មភាពនានានៅតាមទីសាធារណៈ ការរាំ Flash Mob ការប្រគំតន្រ្តីដោយតារាចម្រៀងល្បី តារាកំប្លែង និងកម្មវិធីប្លែកៗជាច្រើន រួមនឹងការធ្វើតេស្តឈាម រកមេរោគអេដស៍ និងចែកស្រោមអនាម័យដោយឥតគិតថ្លៃ។ ការប្រគំតន្រ្តីនេះគឺបើកឲ្យចូលរួមទស្សនាដោយសេរី និងមិនគិតថ្លៃ។
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០១៩នេះ ក៏មានការចូលរួមពីលោកស្រី Samantha Genberry និងកញ្ញា Loretta Wong មន្ត្រីជាន់ខ្ពស់អង្គការមូលនិធិថែទាំ សុខភាពអ្នកជំងឺអេដស៍សកល, លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិកាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, វេជ្ជ លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង ជំងឺអេដស៍ និងកាមរោគ តំណាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលចំនួនជាង២០០នាក់ បានចូលរួមក្នុងទិវានេះ រួមទាំងមានអ្នកចូលរួមប្រមាណជាង ២០០០នាក់ផងដែរ។
លោកស្រីវេជ្ជ ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីអង្គការ AHF បានឱ្យដឹងថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ ជាការអំពាវនាវដល់ថ្នាក់ដឹកនាំ ពិភពលោក ទាំងមូលឲ្យបន្តចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងមេរោគអេដស៍ ព្រោះនៅមានជីវិតមនុស្សរាប់លាននាក់ទៀត ដែលត្រូវការជួយសង្គ្រោះនិងយកចិត្តទុកដាក់ពី បញ្ហាមេរោគអេដស៍ និងជំងឺអេដស៍។ នៅក្នុងប្រទេសកម្ពុជា ជាមួយការគាំទ្រពីរដ្ឋាភិបាលនិងការងារជាដៃគូជាមួយអង្កការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធនានា បាននិងកំពុងបន្តការងារយ៉ាងពេញទំហឹងក្នុងការជួយសង្គ្រោះជីវិត ព្យាបាល និងថែទាំដល់អ្នករស់នៅជាមួយមេរោគអេដស៍។
លោក Michael Weinstein ប្រមុខដឹកនាំអង្គការ AHF សកល បានឱ្យដឹងថា ជាមួយនឹងសម្មិទ្ធផលជោគជ័យ ដែលទទួលបានពីគម្រោងបំពេញបន្ថែមលើកទី៦ របស់មូលនិធិសកល ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺអេដស៍ រោគរបេង និងជំងឺគ្រុនចាញ់ក្នុងខែតុលា យើងគិតថា យើងកំពុងតែធ្វើការនៅលើយុទ្ធសាស្ត្រមួយ ដែលត្រឹមត្រូវក្នុងការលុបបំបាត់ និងការពារការរីករាលដាលនៃជំងឺទាំងអស់នោះ។ ប៉ុន្តែប្រទេសទាំងអស់មិនត្រូវឈប់ត្រឹមនេះទេ ជាពិសេសអ្នកដែលមិនទាន់បានចូលរួម ហើយត្រូវធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីជួយគាំទ្រដល់មូលនិធិក្នុងការស្វែងរកជំនួយឲ្យបានគ្រប់ ១៨ពាន់លានដុល្លារ សម្រាប់គម្រោងបន្ទាប់។
លោកបានបន្ថែមថា ជាក់ស្តែងលុយពិតជាមានសារៈសំខាន់ ប៉ុន្តែការរក្សាសន្យាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ កាន់តែមានសារៈសំខាន់ ដែលយើងត្រូវតែដឹង ពីចំនួនអ្នកជំងឺនៅតាមបណ្តាប្រទេសនីមួយៗ និងទូទាំងពិភពលោកឲ្យបានច្បាស់លាស់ ដើម្បីអាចឲ្យយើងធ្វើការកំណត់គោលដៅ បានត្រឹមត្រូវក្នុងការផ្តល់ការគាំទ្រ។ ការបញ្ចប់មេរោគអេដស៍ពីពិភពលោក គឺអាចទៅរួច ប៉ុន្តែយើងត្រូវការសហការពីសហគមន៍សុខភាពសកល រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីចូលរួមធ្វើការជាមួយគ្នា ប្រកបដោយភាពឆ្លាតវៃក្នុងការសម្រេចការងារនេះ។
យោងតាមស្ថិតិចុងក្រោយរបស់អង្គការ UNAIDS មានមនុស្សចំនួន ៣៧.៩លាននាក់នៅជុំវិញពិភពលោក កំពុងរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ហើយសម្រាប់ឆ្នាំ២០១៨ មានមនុស្សប្រមាណ ១.៧លាននាក់ បានឆ្លងមេរោគអេដស៍ថ្មី និង ៧៧០,០០០នាក់បានស្លាប់ ដោយសារជំងឺផ្សេងៗ ដែលពាក់ព័ន្ធនឹង ជំងឺអេដស៍។ ក្នុងពេលបច្ចុប្បន្ន ខណៈពេលដែលមនុស្សរាប់លានកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ គឺមានមនុស្សរាប់លាននាក់ផ្សេងទៀត កំពុងត្រូវការជួយសង្គ្រោះជាបន្ទាន់ផងដែរ។
សូមជម្រាបថា យោងតាមអនុសាសន៍ដ៏វិសេសវិសាលបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ប្រធានបទសម្រាប់ ការរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ធ្នូ ឆ្នាំ២០១៩នេះ គឺ « ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការស្កាត់ការីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍» ។
សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្នអង្គការ កំពុងផ្តល់ ការព្យាបាល ថែទាំ និងផ្តល់សេវាកម្មដល់មនុស្សជាង ១.៣លាននាក់ នៅក្នុង៤៣ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្រ្វិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត៕