(កណ្ដាល)៖ ស្ថិតនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ប្រជាជនកម្ពុជាកំពុងរស់នៅប្រកប ដោយសុខសន្តិភាព ក្រោមកម្រិតជីវភាពលូតលាស់ មានសិទ្ធិសេរីភាពពេញលេញសម្បូរសប្បាយ និងពោរពេញទៅដោយមោទនភាពចំ ពោះជោគជ័យទាំងឡាយដែលសម្រេចបាន បន្ទាប់ពីថ្ងៃប្រវត្តិសាស្ត្រ ២ធ្នូ ដែលទាំងអស់គ្នាបានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។
លោកបានបន្តថា «ថ្មីៗនេះយើងសម្រេចបានជោគជ័យដ៏ធំធេងក្នុងការបំផ្លាញចោលទាំងស្រុងនូវផែនការធ្វើរដ្ឋប្រហាររបស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដោយកំណត់យកថ្ងៃ៩ វិច្ឆិកាឆ្នាំ ២០១៩ ជាថ្ងៃដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់»។
លោក ម៉ៅ ភិរុណ បានចាត់ទុកថា ជោគជ័យនេះបានមកពីការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ តាមរយៈកម្មវិធីទទួលទានអំបុកសាមគ្គី អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់មូលដ្ឋាន តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលជាសក្ខីភាពនៃការរូបរួមគ្នាបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពសណ្ដាប់ធ្នាប់សង្គម និងវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរ។
លោកបានបន្ថែមថា ទោះបីជាអស់រយៈពេល ៤១ឆ្នាំកន្លងផុតទៅហើយក្តី ទាំងអស់គ្នាពិតជាមិនអាចបំភ្លេចបានក្នុងរយៈពេល ៣ ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានឡើយ។ បច្ចុប្បន្នប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខដុមរមនា ក្នុងសន្តិភាពសេរីភាព និងសន្តិសុខដ៏ប្រសើរ ហើយកំពុងតែរួមសាមគ្គីគ្នាឈានទៅមុខលើមាគ៌ានៃការអភិវឌ្ឍ។
លោក ម៉ៅ ភិរុណ បានថ្លែងថា ដោយផ្អែកលើមូលដ្ឋាននេះ ជាសមិទ្ធិផលទាំងឡាយដែលសម្រេចបានកន្លងមក។ ជាពិសេសជោគជ័យលើគ្រប់វិស័យក្នុងឆ្នាំ ២០១៩នេះ បានពង្រឹងថែមទៀតនូវមូលដ្ឋានគ្រឹះ សម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
លោកអភិបាលខេត្ត បានបន្ថែមទៀតថា ព្រឹទ្ធសភា រដ្ឋសភា បានអនុវត្តដោយជោគជ័យនូវការងាររបស់ខ្លួន ក្នុងការកសាងច្បាប់ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រចតុកោណ ដែលជារបៀបវារៈនៃគោលនយោបាយសេដ្ឋកិច្ចសង្គមរបស់ខ្លួន រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈដ៏ប្ដូរផ្ដាច់ នឹងសកម្មភាពប្រកបដោយផ្លែផ្កា ក្នុងការអនុវត្តន៍រាល់កំណែទម្រង់ដ៏ទូលំទូលាយ និងស៉ីជម្រៅជោគជ័យ និងក្តីសប្បាយរីករាយដែលទទួលបាននៅថ្ងៃនេះ គឺមានប្រភពចេញពីថ្ងៃ ២ ធ្នូ និងជ័យជំនះថ្ងៃ ៧ មករា ដ៏រុងរឿងដែលបានបំភ្លឺបង្ហាញផ្លូវជានិច្ចជាង ៤ទសវត្សកន្លងមកហើយ ដែលធ្វើឲ្យបច្ចុប្បន្ន អាចមើលឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលលើគ្រប់វិស័យ ដ៏ច្រើននៅគ្រប់ទិសទីដែលកើតចេញពីការប្រឹងប្រែងទាំងអស់គ្នានេះឯង៕