(កំពង់ធំ)៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ពិសេសលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឈរ បៀនគង់ តំណាងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងសហការី នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ បាននាំយកនូវថវិកា ចំនួន៦លានរៀល ដែលជាថវិការបស់សមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា ទៅប្រគល់ជូនគ្រួសារនៃសពលោក ស៊ឹង វ៉ុន អតីតមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលស្ថិតនៅភូមិលេខ២ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីទុកសម្រាប់ដោះស្រាយជីវភាពផងដែរ។
លោក ឈរ បៀនគង់ បាននាំការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសំដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះគ្រួសារលោក ស៊ឹង វ៉ុន ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយរោគាពាធ។
លោកបានឱ្យដឹងទៀតថា ការបាត់បង់មន្ត្រីខាងលើ គឺជាការបាត់បង់អតីតមន្ត្រីសកម្មរបស់មន្ទីរ ដែលបានលះបង់កម្លំាងកាយចិត្ត ខិតខំបំពេញការងារជូនរដ្ឋ ដោយបានបន្សល់ទុកនូវស្នាដៃជាច្រើន ដល់អ្នកជំនាន់ក្រោយ និងជាការបាត់បង់នូវបិតា ដែលជាអ្នកមានគុណជាទីគោរព និងស្រឡាញ់ផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ សូមសម្តែងនូវសមានចិត្តដ៏សែនក្តុកក្តួល សោកស្តាយស្រណោះអាឡោះអាល័យក្រៃលែង សូមចូលរួមមរណៈទុក្ខជាមួយគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោក ស្ថិតនៅតាមជួយថែរក្សាដល់ក្រុមគ្រួសារ និងបានទៅចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
គ្រួសារសព បានថ្លែងអំណគុណដល់ថ្នាក់ដឹកនាំក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជួយយកចិត្តទុកដាក់រាល់ការទុក្ខលំបាក់ របស់មន្ត្រីក្រោមឱវាទ៕