(ភ្នំពេញ)៖ ក្រុមហ៊ុនជប៉ុន ECCJ Real Estate បានសម្រេចចុះកិច្ចព្រមព្រៀងវិនិយោគ ជាមួយនិងក្រុមហ៊ុន Vichetdara Enterprise ដើម្បីអភិឌ្ឍន៍ ខេត្តមណ្ឌលគិរី លើវិស័យអលនទ្រព្យ សង់ផ្ទះស្នាក់នៅ និងកន្លែងកម្សាន្តប្រណិតៗ ហើយតាមផែនការក្រុមហ៊ុន កំពុងតែសាងសង់ផ្ទះស្នាក់នៅជាច្រើនល្វែង ដើម្បីផ្តល់ជូនដល់អតិថិជនណា ចង់បានលំនៅឋានមានតម្លៃសមរម្យ និងទិញទុកស្នាក់នៅពេលចូលនិវត្តន៍។
ថ្លែងក្នុងពិធីនោះ លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុន Vichet Dara Enterprise បានឲ្យដឹងថា ការចុះកិច្ចព្រមព្រៀង និងក្រុមហ៊ុនជប៉ុននេះឡើង ក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍ លើវិស័យអចលនទ្រព្យ និងរួមចំណែកក្នុងការផ្តល់ជូន ដល់ប្រជាពលរដ្ឋដែលកំពុងតែ ខ្វះខាតលំនៅឋាន នៅតាមខេត្តមណ្ឌលគិរី។
លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា បានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុន ECCJ Real Estate ដំបូងឡើយជាអង្គការទេ ប៉ុន្តែក្រុមហ៊ុនមានបំណងធំ ក្នុងការជួយដល់ប្រជាជនកម្ពុជា ជាពិសេសផ្តល់ជូនដល់មន្រ្តីរាជការ ដែលចង់បានផ្ទះស្នាក់នៅ (second house)។
លោកឧកញ៉ា បានលើកឡើងថា ចំពោះការចាប់ដៃគូ ជាមួយនិងក្រុមហ៊ុនជប៉ុនលើកនេះ លោកមើលឃើញថា ចំណុចទី១៖ ក្រុមការងារគាត់ ជាក្រុមហ៊ុនដ៏ធំនៅប្រទេសជប៉ុន, ចំណុចទី២៖ ក្រុមហ៊ុនគាត់មានការវិនិយោគ នៅប្រទេសកម្ពុជា ជាច្រើនគម្រោង និងចំណុចទី៣៖ ជាការចូលរួមចំណែកយ៉ាងធំ ក្នុងសង្គមកម្ពុជា ជាពិសេសការជួយដល់មន្រ្តីរាជការ ដែលខ្វះខាតលំនៅឋាន។
យោងតាមកិច្ចព្រមព្រៀង នៃការវិនិយោគនាចុងសប្ដាហ៍មុន អ្នកវិនិយោគទាំងពីរក្រុមហ៊ុនខាងលើ នឹងរៀបចំផែនការ អភិវឌ្ឍន៍ជាកន្លែងកម្សាន្ត នៅខេត្តមណ្ឌលគិរី ព្រោះថា ខេត្តមណ្ឌលគិរី គឺជាខេត្តមួយ ដែលមានទេសភាពស្រស់ស្អាត និងខ្យល់បរិសុទ្ធល្អ មានអ៊ុកស៊ីសែនល្អ ទើបក្រុមហ៊ុនសម្រេចអភិវឌ្ឍន៍តំបន់នេះ។
ក្រុមហ៊ុន Vichetdara Enterprise មានផែនការនៅឆ្នាំ២០២០ នឹងអភិវឌ្ឍន៍លំនៅឋានធូថ្លៃ សម្រួលដល់ប្រជាពលរដ្ឋ និងមានការបង់ប្រាក់ មានភាពងាយស្រួល ហើយក្រុមហ៊ុន និងសហការគ្នាអភវិឌ្ឍន៍ លើវិស័យទេសចរ ជាមួយនិងដៃគូជប៉ុន ដែលជាក្រុមហ៊ុនវិនិយោគដ៏ធំ ហើយនឹងសាងសង់លំនៅឋានស្អាត មិនខុសពីលំនៅឋាន នៅសហរដ្ឋអាមេរិកនោះទេ៕