(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស «មុនីសារាភ័ណ្ឌថ្នាក់មហាសេនា» ជូនលោក Sugano Yuichi ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន (JICA ), លោក Tanaka Kotaro អនុប្រធាន ប្រចាំនៅកម្ពុជា និងគ្រឿងឥស្សរិយយស «មុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ» ជូនលោក Kengo Matsuda លេខាទី២ ស្ថានទូតជប៉ុន, មន្រ្តី JICA, ប្រធានទីប្រឹក្សាបច្ចេកទេសជាបេសកជនជប៉ុនសរុបចំនួន ៨រូប ដែលមានស្នាដៃល្អក្នុងការបំពេញបេសកកម្មការងារ និងកិច្ចសហការផ្តល់ឥណទានសម្បទាន និងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនលើវិស័យធនធានទឹក និងឧតុនិយម។

ក្នុងពិធីនេះរដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក Sugano Yuichi ប្រធាន JICA ប្រចាំកម្ពុជា និងសហការី ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលលោក Sugano Yuichi និងសហការី ខិតខំប្រឹងប្រែងបំពេញនាពេលកន្លងមក ដែលបានរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ បានល្អប្រសើររវាងក្រសួងធនធានទឹក និងឧតុនិយម និង JICA តាមរយៈការគាំទ្រលើការគ្រប់គ្រងនិងអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានោះផងដែរ តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋមន្រ្តី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈលោក Sugano Yuichi ប្រធាន JICA ប្រចាំកម្ពុជា ជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបាន និងកំពុងរួមចំណែកជួយជ្រោមជ្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ដោយឡែកលើវិស័យ ធនធានទឹកផងដែរ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់មកដល់សព្វថ្ងៃ។

លោក Sugano Yuichi បានសំដែងនូវមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ដែលលោកមានកិត្តិយសបានទទួលនូវគ្រឿងឥស្សរិយយសនៅពេលនេះ ហើយលោកសូមសូមអរព្រះគុណ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចតេជោ ហ៊ុន សែន ដែលបានប្រោសព្រះរាជទាន និងបានស្នើគ្រឿងឥស្សរិយយសដល់រូបលោកនៅពេលនេះ ហើយលោកប្តេជ្ញានឹងនៅតែបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងធនធានទឹក និងឧតុនិយម។

លោកប្រធាន JICA ប្រចាំកម្ពុជា ក៏បានគោរពថ្លែងអំណរគុណចំពោះរដ្ឋមន្រ្តីផ្ទាល់ដែលបានបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហប្រតិបត្តិការល្អដល់រូបលោក និងសហការី ក្នុងការបំពេញការងារនាពេលកន្លងមក និងសម្រាប់ពេលខាងមុខ ហើយនឹងបន្តឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីធ្វើឲ្យវិស័យធនធានទឹក ដើរតួនាទីជាស្នូលកាន់តែសំខាន់ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកលូតលាស់ជាបន្ត ប្រកបដោយចីរភាព។

សូមជម្រាបថា រហូតមកដល់ពេលនេះ សម្រាប់វិស័យធនធានទឹកនៅកម្ពុជា ជប៉ុនបានជួយគម្រោងពាក់ព័ន្ធមួយចំនួនមានជាអាទិ៍ដូចជា ការងារស្តារ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត, ការប្រើប្រាស់ធនធានទឹកអាងទន្លេ, ការបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយផ្នែកបច្ចេកទេសតាមរយៈការចាត់បញ្ជូនជំនាញការ/ទីប្រឹក្សារយៈពេលខ្លី និងមធ្យម បម្រើការជួយក្នុងគម្រោងរបស់ក្រសួងផងដែរ៕