(ព្រះវិហារ)៖ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ បាននាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា និងអំណោយសប្បុរសជនជាច្រើនទៀត ប្រគល់ជូនគ្រួសារកងទ័ពមួយគ្រួសារ ដែលរងគ្រោះដោយគ្រោះអគ្គិភ័យឆេះផ្ទះ ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះដែរ លោក ជា គឹមសេង ក៏បានសំដែងនូវការចូលរួមសោកស្ដាយជាមួយក្រុមគ្រួសារជនរងគ្រោះដោយក្តីអាណិតអាសូរជាពន់ពេក ដែលពួកគាត់ជួបនូវហេតុការណ៍ ដ៏អកុសលបែបនេះ។
លោកបានផ្តាំផ្ញើដល់ក្រុមគ្រួសាររងគ្រោះសូមកុំអស់សង្ឃឹមឲ្យសោះ តាមរយៈកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក៏ដូចជាអ្នកតំណាងរាស្ត្រមណ្ឌល ព្រះវិហារ ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក ភូមិ ឃុំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា គឺមិនទុកឱ្យប្រជាពលរដ្ឋយើងរស់នៅក្នុងភាពឯកោរ ដោយមិនបានធ្វើការគិតគូរយកចិត្តទុកដាក់នេះទេ។
ជាក់ស្តែងពេលនេះ លោកបាននាំយកនូវអំណោយកាកបាទក្រហមកម្ពុជា និងអំណោយសប្បុរសជនយកមកប្រគល់ជូនរួមមាន៖ អង្ក១បាវ មី១កេះ ត្រីខ១យួរ ឃីត១កញ្ចប់នឹងថវិកា១០ម៉ឺនរៀល និងថវិកា របស់លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ថវិកាចំនួន២០០ដុល្លារ, លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ថវិកាចំនួន២០០ដុល្លារ, លោក ជាគឹម សេង អភិបាលស្រុកជាំក្សាន្តថវិកា ចំនួន១០០ដុល្លារ, លោក ប្រាក់ ភី មេឃុំស្រអែម១០ម៉ឺនរៀល និងលោក ង៉ែត សុផល ជំទប់ទី១ ឃុំស្រអែម៥ម៉ឺនរៀល ផងដែរ។
ជាមួយគ្នានោះដែរ លោក ជា គឹមសេង ក៏បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីអគ្គិភ័យនេះ ដោយសាររដូវនេះ ជារដូវប្រាំង។ ពោល គឺត្រូវសំអាតបរិវេណជុំវិញផ្ទះ ឱ្យបានស្អាត ពន្លត់ភ្លើងចង្រ្កាននៅពេលចាកចេញពីផ្ទះ បិទប្រព័ន្ធភ្លើងអគ្គិសនីជាដើម។ ដោយឡែក ចំពោះអាជ្ញាធរភូមិ-ឃុំ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹង ដើម្បីឱ្យពួកគាត់មានការប្រុងប្រយត្ន័។
សូមបញ្ជាក់ថា កាលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់អគ្គិភ័យមួយបានឆេះផ្ទះប្រជាពលរដ្ឋ ជាគ្រួសារកងទ័ពមួយគ្រួសារទំហំ ៦ គុណ១២ម៉ែត្រ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត។ ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ចេង ប្រុសភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកងទ័ពវរៈ៣៧១ កងពលតូចអន្តរាគមន៍លេខ៧។
ក្នុងនោះសម្ភារខូចខាត រួមមាន៖ កង់កូនរៀន ៣គ្រឿង, ឯកសារ និងខោអាវអង្ករ៥០គីឡូក្រាម, គ្រែមួយ, ម៉ាស៊ីនកាត់ស្មៅ១, ម៉ាស៊ីនបូមទឹកមួយគ្រឿង, ប្រាក់ខែទើបបើកថ្មី និងផ្ទាំងកញ្ចក់សូឡា អាគុយគុយ២គ្រឿង សរុបជាទឹកប្រាក់អស់ប្រហែល៦០០០ដុល្លារ។ តាមការសន្និដ្ឋាន របស់សមត្ថកិច្ចប៉ុស្តិ៍ជំនាញ និងការបំភ្លឺរបស់ម្ចាស់ផ្ទះករណីនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីខ្សែភ្លើង អាគុយសូឡា ពីព្រោះម្ចាស់ផ្ទះ ថាធ្លាប់បានឆ្លងម្តងមករួចហើយ៕