(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យ ជូនដល់ភ្នាក់ងារផ្សព្វផ្សាយឃុំគោលដៅ និងការិយាល័យជំនាញអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងបម្រែបម្រួលអាកាសធាតុ ហៅកាត់ថា APSIRE។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើរបាយការណ៍អំពីការប្រគល់ទទួលទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារ ជូនដល់ភ្នាក់ងារឃុំគោលដៅ និងការិយាល័យជំនាញអនុវត្តកម្មវិធីបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងបម្រែបម្រួលអាកាសធាតុហើយកាត់ថា APSIRE កម្មវិធីដែលទទួលបានគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) អង្គការយន្តការពិភពលោក និងសាធារណរដ្ឋកូរ៉េ សម្រាប់ចែកជូនភ្នាក់ងារឃុំគោលដៅ និងការិយាល័យជំនាញអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។
លោកបានបន្តថា កម្មវិធី APSIRE គឺជាកម្មវិធីរបស់រដ្ឋាភិបាល ដែលត្រូវបានអនុវត្តគម្រោង៧ឆ្នាំ គឺឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ពីដំបូងនៅខេត្តគោលដៅចំនួន៥។ ដោយឡែកខេត្តកំពង់ធំ ទើបតែអនុវត្តនៅឆ្នាំ២០១៩ ដោយចាប់ពីខែតុលា រហូតទៅដល់ឆ្នាំ២០២២ ដោយកំណត់បញ្ហាជាក់ស្ដែង ហើយកំណត់សកម្មភាព ឬដោះស្រាយដោយមានគោលដៅសំខាន់ គឺរៀបចំឱ្យមានការកែលម្អគោលនយោបាយ និងសមត្ថភាពផ្ដល់សេវាកម្មផ្សព្វផ្សាយកសិកម្ម និងសម្របសម្រួលកសិកម្មផ្សព្វផ្សាយ របស់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសង្គមស៉ីវិល។
ជាមួយគ្នានេះដែរ លោក សុខ លូ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាអង្គការដៃគូ និងសាធារណរដ្ឋកូរ៉េ ដែលបានផ្ដល់សម្ភារទាំងអស់ ដើម្បីវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ដូចជាខេត្តកំពង់ធំឲ្យមានការរីកចម្រើន ដើម្បីជួយទៅដល់កសិករ។
លោកក៏បានដាស់តឿនទៅដល់មន្ត្រី ដែលបានអនុវត្តគម្រោងទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាអនុវត្តកម្មវិធីគម្រោងឲ្យបានល្អប្រសើរ និងជួយថែរក្សាទ្រព្យសម្បត្តិ ដែលបានផ្ដល់ឱ្យបានយូរអង្វែង ទោះបីជាចប់គម្រោងក៏ដោយ ធ្វើយ៉ាងណាត្រូវប្រើប្រាស់ឲ្យចំគោលដៅ ក្នុងការលើកស្ទួយជីវភាពកសិករ ឲ្យកាន់តែប្រសើឡើង។
សូមបញ្ជាក់ថា សម្ភារដែលបានប្រគល់-ទទួល មានទោចក្រយានយន្តម៉ាក suzuki smah ចំនួន ៦៤ គ្រឿង, កុំព្យូទ័រ laptop ចំនួន ៥ គ្រឿង, កុំព្យូទ័រលើតុ Desktop ចំនួន ១០ គ្រឿង, ម៉ាស៉ីនព្រីនធ័រសខ្មៅចំនួន ០៩ គ្រឿង, ម៉ាស៉ីនព្រីនពណ៌ចំនួន ០៣ គ្រឿង, LCD Projecror ចំនួន១ គ្រឿង, និងកាមេរ៉ា Digital ចំនួន ០១ គ្រឿង៕