(បន្ទាយមានជ័យ)៖ គ្រឿងក្នុងជ្រូកដែលមានទម្ងន់ ១,០៩៤គីឡូក្រាម នាំចូលពីប្រទេសថៃខុសច្បាប់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបរថយន្តក្រុង ១គ្រឿង របស់ក្រុមហ៊ុន ឫទ្ធិមុនី។

ប្រតិបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបេនឡានចាស់ក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនមកស្នងការរដ្ឋានគនរបាលខេត្តដើម្បីសាកសួរបន្ត។

បើតាមលោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជនសង្ស័យលួចដឹកគ្រឿងក្នុងជ្រូកមានឈ្មោះ សូត្រ សុគន្ធ អាយុ៣៦ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ បានឱ្យដឹងទៀតថា ក្រោយពីឃាត់រថយន្តនោះបានហើយ លុះនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលជំនាញបានឆែកឆេរ ក្នុងរថយន្តបានរកឃើញគ្រឿងក្នុងជ្រូកមានចំនួន ១៦កេស រួមមាន៖ ក្រពះ អណ្តាត ត្រចៀក ពោះធំ ពោះវៀនធំ ឆ្អឹងជំនី បេះដូង និងក្រលៀន សរុប ១,០៩៤គីឡូក្រាម គ្រឿងក្នុងជ្រូកទាំងអស់នេះ ជនសង្ស័យបានលួចទិញពីជនជាតិថៃម្នាក់ពីផ្សាររុងគ្លឿ ហើយដឹកតាមរថយន្តយកទៅលក់នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ គ្រឿងក្នុងជ្រូកទាំងអស់នេះ គ្មានសំបុត្រអនុញ្ញាត ចេញពីមន្ត្រីជំនាញនោះទេ គឺទិញក្នុង ១គីឡូក្រាម តម្លៃ ៣០បាត ហើយការជួញដូរគ្រឿងក្នុងជ្រូកនេះ មានរយៈពេល ២ខែកន្លងមកហើយ។

លោក ចាប សុផាឬទ្ធិ បានបញ្ជាក់ថា ក្រោយពីកម្លាំងជំនាញធ្វើការត្រួតពិនិត្យរួចរាល់ហើយ គ្រឿងក្នុងជ្រូកទាំងអស់ ត្រូវបានកម្លាំងជំនាញ ដឹកយកទៅដុតកម្ទេចចោល ចំណែករថយន្តក្រុង និងជនសង្ស័យលួចដឹកគ្រឿងក្នុងជ្រូក ដោយគ្មានកាអនុញ្ញាតនោះ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធិច្បាប់៕