(ភ្នំពេញ)៖ សម្តេច ហេង សំរិន ក្នុងពិធីអបអរសាទរខួប៤១ឆ្នាំថ្ងៃកំណើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ បានលើកឡើងថា ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ជាព្រឹត្តិការណ៍ជាតិមួយដ៏មានសារៈសំខាន់ បំផុតចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ សម្តេចបានបន្ថែមថា រណសិរ្ស ២ធ្នូ មិនត្រឹមតែសង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យចាកផុតពីមហន្ដរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្ដែរណសិរ្ស ២ធ្នូ នៅបានជួយស្ដារ កសាង និងអភិវឌ្ឍន៍ សង្គមជាតិនៅគ្រប់ទិសទី ធ្វើឱ្យមាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្ដបន្ទាប់។
សម្តេច ហេង សំរិន បានគូសរំលេចនូវសមិទ្ធផលរបស់ជាតិជាច្រើន ដែលបានកើតមានឡើងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោយការប្រកាសបង្កើតចលនា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» និងឈានទៅវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឱ្យដួលរំលំជាស្ថាព័រក្រោយថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
សម្តេច ហេង សំរិន បានថ្លែងថា បច្ចុប្បន្ន ប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខដុមរមនា ក្នុងសន្ដិភាព សេរីភាព និងសន្ដិសុខ ដ៏ប្រសើរ ហើយកំពុងតែរួមសាមគ្គីគ្នាឈានទៅមុខ លើមាគ៌ា នៃការអភិវឌ្ឍ ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលទាំងឡាយដែលសមេ្រចបានកន្លងមក។ ជាពិសេសជោគជ័យលើគ្រប់វិស័យក្នុងឆ្នាំ២០១៩ នេះ បានពង្រឹងថែមទៀតនូវមូលដ្ឋានគ្រឹះ សម្រាប់បន្ដការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
សម្តេចប្រធានចលនា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បានលើកឡើងទៀតថា ព្រឹទ្ធសភា រដ្ឋសភា បានអនុវត្ដដោយជោគជ័យនូវការងាររបស់ខ្លួនក្នុងការកសាងច្បាប់។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សមេ្ដច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បាននឹងកំពុងបន្ដអនុវត្ដយ៉ាងសកម្មនូវយុទ្ធសាស្ដ្រចតុកោណ ដែលជារបៀបវារៈនៃគោលនយោបាយ សេដ្ឋកិច្ចសង្គមរបស់ខ្លួន។ រាជរដ្ឋាភិបាល បានបង្ហាញឆន្ទៈដ៏ប្ដូរផ្ដាច់ និងសកម្មភាពប្រកបដោយផ្លែផ្កាក្នុងការអនុវត្ដន៍រាល់កំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅ។
សម្តេចប្រធានបានគូសបញ្ជាក់យ៉ាងដូច្នេះ «ជោគជ័យ និងក្ដីសប្បាយរីករាយដែលយើងទទួលបាននៅថ្ងៃនេះ គឺមានប្រភពចេញពីថ្ងៃ ២ធ្នូ និងជ័យជំនះ ៧ មករាដ៏រុងរឿង ដែលបានបំភ្លឺបង្ហាញផ្លូវយើងជានិច្ចជាង ៤ទសវត្សរ៍ កន្លងមក។ បច្ចុប្បន្ន យើងអាចមើលឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលលើគ្រប់វិស័យដ៏ច្រើនសេ្អកស្កះនៅគ្រប់ទិសទី ដែលកើតចេញពីការប្រឹងប្រែងរបស់យើងទាំងអស់គ្នានេះឯង។ យើងបានលុបបំបាត់នូវស្នាមបែកបាក់បេ្រះឆាក្នុងសង្គមជាតិ ធ្វើឱ្យធ្លុងមហាសាមគ្គីជាតិកាន់តែ រឹងមាំឡើង។ មហាសាមគ្គីផ្ទៃក្នុងជាតិ ជាឧត្ដមភាព និងជាមូលដ្ឋានគ្រឹះដើម្បីឈានទៅសមេ្រចនូវ គោលដៅចុងក្រោយ គឺការស្ថាបនាប្រទេសកម្ពុជាមួយប្រកបដោយវឌ្ឍនភាព ដែលប្រជាជនយើង នឹងបានរស់នៅយ៉ាងសម្បូរណ៍សប្បាយក្នុងសន្ដិភាព សេរីភាព យុត្ដិធម៌ និងភាពថ្លៃថ្នូរជារៀងរហូតតទៅ នៅលើមាតុភូមិរបស់ខ្លួន»។
សម្តេច ហេង សំរិន បានបង្ហាញមានជំនឿដ៏មុតមាំថា ដោយផ្អែកលើមូលដ្ឋានរាល់សមិទ្ធផល គ្រប់វិស័យរបស់សង្គមជាតិ និងការទទួលខុសត្រូវដ៏ខ្ពស់បំផុតនោះ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រណសិរ្ស ដែលជាតំណាងដ៏ឧដុង្គឧត្ដម នៃក្បាលម៉ាស៊ីនដឹកនាំ នឹងបង្កើតបាននូវសន្ទុះរីកចម្រើននៃសង្គមជាតិដ៏ខ្លាំងក្លាថែមទៀត ដែលធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងការលើកតម្កើងនូវនីតិរដ្ឋ សមធម៌ និងយុត្ដិធម៌សង្គម។
ដើម្បីបន្តធានាបាននូវការអភិវឌ្ឍន៍ជាតិ សម្តេច ហេង សំរិន បានគាំទ្ររាល់វិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការលប់បំបាត់នូវបាតុភាពល្មើសច្បាប់នានា ដូចជាការទន្ទ្រានកាន់កាប់ឆ្ការដីធ្លី ការកាប់បំផ្លាញព្រៃឈើ បំផ្លាញធនធានជលផល ការបំផ្លាញផ្លូវ ស្ពាន ដែលយើងបានកសាងឡើងយ៉ាងលំបាកលំបិន ការធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបាត់បង់ចំណូលរដ្ឋជាដើម។
ជាមួយគ្នា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានបន្តអំពាវនាវទៅដល់សមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវប្រពៃណីស្នេហាជាតិ និងផ្សារភ្ជាប់ជាមួយប្រជាជន។ សម្តេចក៏បានអំពាវនាវដល់សមាជិកបក្សកំពុងដឹកនាំប្រទេសមួយនេះ ឱ្យលើកកម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ហើយខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត ក្នុងការបម្រើប្រទេសជាតិ តាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល។
សម្តេច ហេង សំរិន បានអំពាវនាវយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ មន្ដ្រីរាជការ សមាជិក សមាជិកាដ៏សកម្ម នៃរណសិរ្សគ្រប់លំដាប់ថ្នាក់ សូមលើកកម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីសេ្នហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន ហើយខិតខំបពោ្ចញអស់កម្លាំងកាយចិត្ដ ក្នុងការបម្រើប្រទេសជាតិ តាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល។ ត្រូវចងចាំថា នេះជាគោលបំណង និងឧត្ដមគតិ ឥតប្រែប្រួលរបស់រណសិរ្ស និងគណបក្សប្រជាជនកម្ពុជាយើង»៕