(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ជាខួប៤ឆ្នាំ (២ ធ្នូ ២០១៥ - ២ ធ្នូ ២០១៩) នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅប្រទេសណាមីប៊ី។
ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេង ក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកំសាន្ត។ ល្បែងទាញព្រ័ត្របានផ្សារភ្ជាប់ ទៅនឹងប្រពៃណី និង វប្បធម៌ខ្មែរហើយយើងអាចឃើញភស្តុតាងមានតម្លៃជាប្រវត្តិសាស្ត្រ តាមរយៈចម្លាក់នៅលើប្រាង្គប្រាសាទនានា ដែលនិយាយពីរឿងកូរសមុទ្រទឹកដោះ។
សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោក ទាំងអស់ចំនួន៨ហើយ ដែលក្នុងនោះចែកជា សម្បត្តិវប្បធម៌រូបី៣ និងសម្បត្តិវប្បធម៌អរូបី៥។ ១៖ តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី), ២៖ របាំព្រះរាជទ្រព្យ (អរូបី), ៣៖ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី), ៤៖ប្រាសាទព្រះវិហារ (រូបី), ៥៖ ល្បែងទាញព្រ័ត្រ (អរូបី), ៦៖ ចាប៉ីដងវែង (អរូបី), ៧៖ ប្រាសាទសំបូរព្រៃគុក (រូបី) និង៨៖ ល្ខោនខោលវត្តស្វាយអណ្ដែត (អរូបី)៕