(ព្រៃវែង)៖ ខណៈដែលប្រទេសកម្ពុជា នឹងប្រឈមបញ្ហាការប្រែប្រួលអាកាសធាតុ ជាពិសេសនឹងក្តៅហួតហែងខ្លាំង, រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ, របាយទឹកភ្លៀង មានភាពរអាក់រអួលមិនស្មើគ្នា និងរបបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំងជាដើមនោះ ផ្ទៃដីដាំដុះរបស់ប្រជាកសិករខ្មែរតាមតំបន់ខ្លះ បាននិងកំពុងបញ្ហានេះរួចទៅហើយ គឺខ្វះទឹកសម្រាប់ស្រោចស្រពស្រូវរបស់ពួកគាត់។
ប៉ុន្តែ នឹងដើម្បីដោះស្រាយបញ្ហានេះ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានបែងចែកភារកិច្ចភ្លាមៗ ឲ្យថ្នាក់ដឹកនាំក្រសួងចុះទៅតាមមុខព្រួញទូទាំងប្រទេស ដើម្បីសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ រួមគ្នារក្សាទឹកទុកសម្រាប់រដូវប្រាំងខាងមុខ។ បើទោះបីជាមិនទាន់ដល់រដូវប្រាំងផង តំបន់ខ្លះក្នុងមូលដ្ឋានស្រុកពារំាង ខេត្តព្រៃវែង ស្រូវរបស់ប្រជាកសិករ បានប្រឈមនឹងខ្វះខាតទឹក ដើម្បីបំពេញការលូតលាស់ស្រូវរបស់ពួកគាត់។
ជាក់ស្តែងប្រជាពលរដ្ឋរស់នៅភូមិមេមល់ ឃុំមេសរប្រចាន់ ស្រុកពារំាង ខេត្តព្រៃវែង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ជួយដល់ផ្តល់បញ្ហានេះទៅកាន់ថ្នាក់ដឹកនាំ ជាពិសេសរដ្ឋមន្រ្តីធនធានទឹកផង ខណៈស្រូវរបស់ពួកគាត់ជាង ២០០ហិកតា មិនមានទឹកស្រោចស្រពនោះឡើយ បើទោះបីភូមិខ្លះទៀតក្នុងឃុំមេសារប្រចាន់ បានទទួលទឹកក៏ដោយនោះ។
ក្រោយប្រជាពលរដ្ឋជួបបញ្ហានេះ រដ្ឋមន្រ្តីធនធានទឹក បានបញ្ជាទៅប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែង ចុះទៅពិនិត្យជាក់ស្តែង និងបានជួយអន្តរាគមន៍ភ្លាមៗ តាមរយៈការបញ្ជូនម៉ាស៊ីនបូមទឹក យកទៅស្រោចស្រពស្រូវនៅទីនោះ។ ទាំងមន្រ្តីធនធានទឹក អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន បានរួមគ្នារុញមាស៊ីនបូមទឹកចូលទៅវាលស្រែ ដើម្បីជួយសង្គ្រោះស្រូវភ្លាមៗតែម្តង។
ចំពោះការយកចិត្តទុកដាក់ និងជួយអន្តរាគមន៍យ៉ាងនេះ បងប្អូនប្រជាកសិករទាំងអស់រស់នៅភូមិមេមល់ សូមថ្លែងអំគុណដល់ថ្នាក់ដឹកនាំគណបក្សប្រជាជន និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋមន្រ្តីធនធានទឹក ដែលបានអន្តរាគមន៍ស្រោចស្រពស្រូវរបស់ពួកគាត់ទាន់ពេលវេលា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញសារាចរណែនាំស្ដីពី ការចាត់វិធានការ ថែរក្សាទឹកទុក។
ក្រោយមានសារាចរណែនាំនេះភ្លាម រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយមលោក លឹម គានហោ បានបែងចែកភារកិច្ចជាបន្ទាន់ ដល់ថ្នាក់ដឹកនាំក្រសួងទាំងអស់ ឲ្យចុះតាមមុខព្រួញ ដើម្បីផ្សព្វផ្សាយពីសារាចរនេះ ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ហើយឲ្យបន្ដផ្សព្វផ្សាយទៅកាន់អាជ្ញាធរ និងប្រជាពលរដ្ឋតាមមូលដ្ឋាននៅទូទាំងប្រទេស។
មន្ដ្រីជាន់ខ្ពស់ធនធានទឹក បានបញ្ជាក់ទៀតថា ពេលចុះយុទ្ធនាការនៅតាមរាជធានី-ខេត្តនោះ គឺមានការឧបត្ថម្ភ និងកិច្ចសហការបានយ៉ាងល្អប្រសើរ ពីសំណាក់ថ្នាក់ដឹកនាំ រាជធានី-ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ រហូតដល់សហគមន៍ និងថ្នាក់ដឹកនាំតាមបណ្ដាមន្ទីរជំនាញផងដែរ។
ក្នុងសារាចរណែនាំ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ស្ថានភាពបែបនេះដោយសារតែ យោងតាមការព្យាករ ក៏ដូចជាស្ថានភាពជាក់ស្ដែង បានបង្ហាញយ៉ាងច្បាស់ថា ក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់ បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែល នីណូ ( El Nino ) ដោយបានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើនដូចជា ធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង, រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ, របាយទឹកភ្លៀង មានភាពរអាក់រអួលមិនស្មើគ្នា, របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសជំនន់មានតែមួយលើក ហើយបន្ទាប់មក ក៏បានស្រកចុះជាបន្តបន្ទាប់ ដល់កម្រិតទាបបំផុតមួយ ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។
បើទោះបីជាចាប់ពីខែកក្កដា ឆ្នាំ២០១៩ បាតុភូតអែលនីណូ បានថមថយឥទ្ធិពលជាបណ្តើរៗ ទន្ទឹមនឹងអាងទឹក នាពេលកន្លងមកបានរក្សាទឹកទុកស្ទើរ តែ១០០ភាគរយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសយ៉ាងណាក្តី បញ្ហាគ្រប់គ្រង និងប្រើប្រាស់ទឹកនៅតែត្រូវបានចាត់ទុកជាអាទិភាព ដើម្បីបម្រើឲ្យស្រូវធ្ងន់ចុងរដូវវស្សា, ស្រូវរដូវប្រាំង២០១៩-២០២០ និងការប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់មានភ្លៀងកក់ខែនាឆ្នាំថ្មី។
យោងលើស្ថានភាព ដូចបានជម្រាបជូនខាងលើរាជរដ្ឋាភិបាល សូមធ្វើការណែនាំ ដូចខាងក្រោម៖
*ទី១៖ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩-២០២០ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២ បានទេ បើទោះបីជាទឹក នៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀត ក្រៅពីស្រូវ។
*ទី២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ៕