(ម៉ានីល)៖ ក្រុមអត្តពលិកកម្ពុជា បានដណ្ដើមមេដាយប្រាក់២គ្រឿងបន្ថែមទៀតហើយ នៅរសៀលថ្ងៃអាទិត្យនេះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលដណ្ដើមបានដោយកីឡាករគុនល្បុក្កតោ និងក្រុមកីឡាសីប៉ាក់តាក្រ ។
ចំពោះកីឡាករ យ៉ុង ម៉េងលី ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយប្រកួតលើវិញ្ញាសាកីឡា Arnis ទម្ងន់លើ ៦០គីឡូក្រាមនោះ បានទទួលត្រឹមមេដាយប្រាក់ប៉ុណ្ណោះ បន្ទាប់ពីប្រកួតចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីនមុននេះបន្ដិច ។ ទន្ទឹមជាមួយគ្នា ក្រុមកីឡាសីប៉ាក់តាក្រជម្រើសជាតិកម្ពុជា ក៏ដណ្ដើមបានមេដាយប្រាក់ ១ គ្រឿងផងដែរ លើវិញ្ញាសាកីឡាសីកន្ដ្រក់(Hop) ។
សរុបត្រឹមរសៀលថ្ងៃទី០១ ខែធ្នូនេះ ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ៥គ្រឿងហើយ ក្នុងនោះមានមេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ៣ ដែលដណ្ដើមបានពីក្រុមអត្តពលិកកីឡាគុនល្បុក្កតោ ប្រកួតលើប្រភេទកីឡា Arnis និងក្រុមកីឡាសីប៉ាក់តាក្រ ។ ប៉ុន្ដែយ៉ាងណាកម្ពុជា នៅសល់ការប្រកួតជាច្រើនទៀត ខណៈការប្រកួតនឹងដំណើរការរហូតដល់ថ្ងៃទី១១ ខែធ្នូខាងមុខ៕